ភ្នំពេញ ៖ ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ច រៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅថ្ងៃទី៣០ មេសា ស្អែកនេះ សម្តេចនឹងអញ្ជើញផ្សព្វផ្សាយ ប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័យ គឺនៅក្នុងខណ្ឌខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ហើយនឹងផ្សព្វផ្សាយផែនការលំអិត។ ហើយនេះជាលក្ខណៈពិសេស គឺកិច្ចការមួយចំនួនស្ថិតនៅក្នុងគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាលជាអ្នកចាត់ចែង។ សម្តេចគ្រាន់តែទទួលអាណត្តិ ក្រសួងការពារជាតិ គឺប្រគល់ភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួលខុសត្រូវចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរាតត្បាតដល់កាចសាហាវនេះ។ ហើយជាជំនឿជឿជាក់លើក្តីសង្ឃឹមមួយទៀត ចំពោះការយកវ៉ាក់សាំងទៅបញ្ជា្របចូលក្នុងរាងកាយ របស់មនុស្សដើម្បីឲ្យមានការតតាំង និងប្រយុទ្ធជាមួយកូវីដ១៩ បាន នេះគឺជាសារៈសំខាន់ធំធេងណាស់ ហើយគ្មានអ្វីធំធេងជាងសុខុមាលភាពរបស់មនុស្សទេ ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




