ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកព្យាបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២និង៥៥ នាទី ក្នុងស្ថានភាពបាត់បង់ ស្មារតី ពេលចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យភ្លាមៗ ហើយបញ្ជាក់ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅ ហើយមុនពេលចូលមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង២២និង៥៥នាទីនា ថ្ងៃដដែល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ កូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។
២- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មាន អាការៈក្តៅខ្លួន ក្អក ហត់ ហើយបានព្យាបាលនៅផ្ទះរយៈពេលមួយសប្តាហ៍ ប៉ុន្តែសភាពជំងឺមិនបានធូរស្រាលទើបក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរព្រះបាទនរោត្តមសីហនុត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងណ ១៦:៣០ នាទី ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានយកសំណាក ហើយ ទទួលបានលទ្ធផលបញ្ចាក់ថា មានវិជ្ជមានកូវីដ-១៩ ព្រមទាំងជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២១និង១៨នាទី នាថ្ងៃខែឆ្នាំដដែល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។
៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជាមួយរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមាន ប្រវត្តិជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ហើយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ សភាពហត់ដង្ហក់ ខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤និង២០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរនិងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



