Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពានបំរាមបិទខ្ទប់ ប៉ូលិសឃាត់ខ្លួនមនុស្សចំនួន៣៤៥នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុគ្គល ដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ចំនួនជាង ៣៤០នាក់ ដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដក់ត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហាបានថ្លែងប្រាប់ CEN ថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៤៥នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ១០នាក់ , បានធ្វើការអប់រំណែនាំចំនួន ៣៤នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ២៧នាក់ និងពិន័យអន្តរការណ៍ចំនួន ២៧២នាក់។

ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង ៣៤០នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕ រក្សាសិទ្ធិដោយ : ចេស្តារ

×