Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះអនុវត្តវិធានការ បិទខ្ទប់ជំហានទី២ តំបន់ក្រហម

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះអនុវត្តវិធានការបិទខ្ទប់ជំហានទី២ នៅក្នុងតំបន់ក្រហម ដែលមានផ្ទុះរាលដាលជំងឺឆ្លងកូវីដ១៩ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ ដែលតម្រូវអនុវត្តរយៈពេល០៧ថ្ងៃបន្ថែមទៀត រឹតត្បិតតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះចេញចូលធ្វើដំណើរទៅទីកន្លែងផ្សេងនោះឡើយ។ នៅគ្រាដែលនៅតំបន់មួយចំនួនមិនមែនជាតំបន់ក្រហម ក៏ត្រូវបានសម្រួលឱ្យធ្វើដំណើរ ក្រោយវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលដែលមានរយៈពេល១៤ថ្ងៃ បានផុតឱសានវាទ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ទៅហើយនោះ។

ក្នុងការចុះត្រួតពិនិត្យនិងបិទខ្ទប់ បានធ្វើឡើងតំបន់ក្រហមមួយចំនួន នៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ និងនៅភូមិសាស្រ្តផ្នែកមួយចំនួននៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភូមិសាស្រ្តសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង ភូមិសាស្រ្តសង្កាត់ស្ទឹមានជ័យ១ ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សកម្មភាពនៃការបិទខ្ទប់តំបន់ក្រហមពីកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត គឺអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានដាក់ពង្រាយកម្លាំងការពារតាមគោលដៅ នៃច្រកចេញចូលនៅគ្រប់ច្រកល្ហក ក្នុងភូមិសាស្រ្តតំបន់ក្រហមទាំងនោះ ជាមួយការដាក់រនាំងដែក បិតខ្ទប់មិនឱ្យប្រជាពលរដ្ឋលួចចេញចូលឆ្លងកាត់បានឡើយ គឺការឆ្លងកាត់លើកលែងតែ ក្នុងករណីពិសេសចាំបាច់ណាមួយនោះ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំកម្លាំងក្រោមឱវាទ ត្រូវអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល៧ថ្ងៃថែមទៀត ដោយចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ អនុវត្តឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតាមដានត្រួតពិនិត្យគ្រប់គោលដៅ ច្រកចេញចូលទាំងអស់នៅតំបន់ក្រហមនេះ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយធូរលង់នោះឡើយ។ ពោលគឺណែនាំពួកគាត់មានភាពស្ងប់ស្ងាត់ ឱ្យចូលរួមគោរពអនុវត្តវិធានការបិទខ្ទប់ តំបន់ក្រហមនេះឱ្យមានប្រសិទ្ធភាព ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋ ត្រូវនាំគ្នាអត់ធ្មត់ហើយ បើគ្មានការចាំបាច់សូមកុំចេញពីផ្ទះ គឺមានការចូលរួមរបស់ប្រជាពលរដ្ឋ នេះហើយទើបអាចកាត់បន្ថយ រឺកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ ទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម ទន្ទឹមដែលអត្រានៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជធានីភ្នំពេញ មិនទាន់មានភាពធូរស្បើយនៅឡើយនោះទេ ការឆ្លងនៅតែមានកំណើនខ្ពស់ជាក្តីបារម្ភនៅឡើយ។ អ្វីជាការបន្តអនុវត្តវិធានការបិទខ្ទប់ជំហ៊ានទី២ ដែលមានរយៈពេល០៧ថ្ងៃ ដាក់ចេញរដោយរាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីគ្រប់គ្រង និងកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត៕ រក្សាសិទ្ធដោយ : ចេស្តារ

×