The Peoples Vaccine Alliance (PVA) in Asia (PVA) នៅអាស៊ី កំពុងអំពាវនាវដល់ប្រទេសជប៉ុន សឹង្ហបុរី និងកូរ៉េខាងត្បូង ឱ្យចាត់វិធានការលើសំឡេង របស់ប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ី និងភាគខាងត្បូងនៃសកលលោក ឱ្យគាំទ្រសំណើ “លុបចោល TRIPS ជាបណ្តោះអាសន្ន” នៅឯកិច្ចប្រជុំអគ្គក្រុមប្រឹក្សា របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ និងធានាថា ក្រុមហ៊ុនឱសថធំៗ និងរដ្ឋាភិបាលប្រទេសអ្នកមាន ចូលរួមដោយស្ម័គ្រចិត្តជាមួយក្រុមទទួល បានបច្ចេកវិទ្យាជំងឺកូវីដ-១៩ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (COVID-19 Technology Access Pool) ។
លិខិតអំពាវនាវផ្ញើជូនរដ្ឋាភិបាលនៅអាស៊ីនេះ ត្រូវបានចុះហត្ថលេខាដោយអង្គការចំនួន ១០០ ដែលរួមបញ្ចូលទាំងអង្គការ Actionaid, APCASO, វេទិកាសិទ្ធិអាស៊ីដាលីត (Asia Dalit Rights Forum), សម្ព័ន្ធភាពអាស៊ីប៉ាស៊ីហ្វិកដើម្បីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជនិងសិទ្ធិ, ចលនាប្រជាជនអាស៊ីស្តីពីបំណុលនិងការអភិវឌ្ឍ (APMDD), អង្គការអុកស្វាមអន្តរជាតិ, សម្ព័ន្ធភាពអាស៊ីខាងត្បូងសម្រាប់ការលុបបំបាត់ភាពក្រីក្រ, សម្ព័ន្ធភាពប្រយុទ្ធប្រឆាំងវិសមភាព ប្រចាំប្រទេសឥណ្ឌា និងអង្គការសង្គមស៊ីវិល និងបុគ្គលល្បីល្បាញចំនួន ៥០ ទៀត ។

ការពង្រីកការទទួលបានជាសកលនូវវ៉ាក់សាំងជំងឺកូវីដ-១៩ គឺមានភាពយឺតយ៉ាវហួសហេតុ បើប្រៀបធៀបទៅនឹងល្បឿនដ៏គួរឱ្យភ័យខ្លាចនៃការរីករាលដាល និងបំលែងខ្លួនរបស់មេរោគនេះ ដូចដែលគេបានឃើញនៅក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ ។
ភាគច្រើននៃប្រជាជនក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាប ខ្វះខាតលទ្ធភាពទទួលបានវ៉ាក់សាំង។ បើតាមល្បឿននៃដំណើរការផ្តល់វ៉ាល់សាំងបច្ចុប្បន្ននេះ គេត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សទាំងអស់ដែលត្រូវការវ៉ាក់សាំង ។
វ៉ាក់សាំងជំងឺកូវីដ-១៩ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឱសថសាស្ត្រធំៗ ដែលមិនព្រមចែករំលែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយប្រទេសដទៃទៀត ដែលអាចនឹងជួយពន្លឿនដល់ការផលិត និងចែកចាយជាទ្រង់ទ្រាយធំសម្រាប់ភពផែនដីទាំងមូល ។

លោក Karyn Kaplan មកពី Asia Catalyst បានមានប្រសាសន៍ថា “គ្មានក្រុមហ៊ុនឱសថសាស្ត្រណាមួយ អាច ផលិតដូសវ៉ាក់សាំងគ្រប់គ្រាន់បានរហ័សសម្រាប់មនុស្សគ្រប់រូបដែលត្រូវការវ៉ាក់សាំងនោះទេ។ យោងតាមប្រវត្តិសាស្រ្តកន្លងមក យើងដឹងថា ក្រុមហ៊ុនឱសថសាស្ត្របង្កើត និងការពារភាពផ្តាច់មុខរបស់ពួកគេ ក្នុងគោលបំណងបង្កើនប្រាក់ចំណេញជាអតិបរមា ជាជាងការលើកកម្ពស់សុខភាពសាធារណៈ ។ “យើងបានឃើញរឿងនេះ
កាលពីអតីតកាល ដោយឱសថសំខាន់ៗជាអាយុជីវិតសម្រាប់ជំងឺនានា ដូចជា មេរោគអេដស៍ ឬជំងឺមហារីក ដែលត្រូវបានគេកំណត់តម្លៃយ៉ាងខ្ពស់ហួសហេតុ ដែលមនុស្សភាគច្រើនបំផុតមិនអាចមានលទ្ធភាពទទួលបាន” ៕
លោក Mustafa Talpur អ្នកគ្រប់គ្រងយុទ្ធនាការ និងតស៊ូមតិរបស់អង្គការអុកស្វាមអន្តរជាតិ ប្រចាំអាស៊ី បានមានប្រសាសន៍ថា “នៅពេលឱសថស្ថានរបស់ពិភពលោក កំពុងតែខំត្រដរខ្យល់ ការរក្សាភាពផ្តាច់មុខលើវិទ្យាសាស្ត្រវ៉ាក់សាំងសម្រាប់គោលបំណងរកប្រាក់ចំណេញ គឺជារឿងអសីលធម៌ បរាជ័យជាសមូហភាព និងផ្តួលរំលំខ្លួនឯង” ។
របាំងបិទផ្លូវទាំងអស់នេះចំពោះការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ គឺអាចជំនះបាន ។ តំបន់អាស៊ី មានក្រុមហ៊ុនឱសថសាស្ត្រលំដាប់ពិភពលោក ដោយគ្រាន់តែចែករំលែកបច្ចេកវិទ្យា និងជំនាញបច្ចេកទេសតែបន្តិចបន្តួចទៀតប៉ុណ្ណោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាស៊ីអាចគាំទ្រដល់សមត្ថភាព ផលិតកម្មថ្មីយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដទៃទៀត ដោយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ និងបង្កើនសមត្ថភាពឆ្លើយតបសម្រាប់ជំងឺរាតត្បាតជាសកលនាពេលអនាគត ។ បណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ី រួមទាំង ចិន ឥណ្ឌា ថៃ និងប្រទេសផ្សេងទៀត បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការផលិតវ៉ាក់សាំងរួចទៅហើយ៕រក្សាសិទ្ធិដោយ៖CEN

