ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងសាកល្បងកម្មវិធីដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ Travel Pass ដែលជាកម្មវិធីទូរស័ព្ទមួយអាចអនុញ្ញាតឱ្យអ្នកដំណើរពិនិត្យលទ្ធផលតេស្តកូវីដ១៩ និងស្ថានភាពការចាក់វ៉ាក់សាំងរបស់អ្នកដំណើរ។
ក្នុងនោះ ការពិនិត្យនេះគឺនឹងត្រូវធ្វើឡើងលើចំពោះជើងហោះហើរចេញពីទីក្រុងគូឡាឡាំពួទៅទីក្រុងឡុងដ៍ ដោយចន្លោះចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ២៧ ខែឧសភា។

ដោយឡែកអ្នកដំណើរដែលបានជ្រើសរើសការធ្វើដំណើរតាមជើងហោះហើរ MH4 នៅថ្ងៃសុក្រនេះ នឹងជាលើកដំបូងនៅក្នុងប្រទេសម៉ាឡេស៊ីដែលអាចចូលដំណើរការកម្មវិធីបាន។
បច្ចុប្បន្ន មានតែអ្នកដំណើរដែលប្រើប្រាស់ទូរសព្ទក្រោមប្រតិបត្តិការ Apple iOS តែប៉ុណ្ណោះទើបអាចចូលប្រើកម្មវិធីសាកល្បងនេះបាន។
អ្នកដំណើរនឹងនៅតែតម្រូវឱ្យបង្ហាញនូវឯកសារសុខភាពនៅពេលចូលកន្លែងពិនិត្យ បើទោះបីក្នុងដំណាក់កាលសាកល្បងនេះក៏ដោយ ដោយធ្វើតាមគោលការណ៍ដែលរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍តម្រូវជូន។ ក្នុងនោះទិន្នន័យ និងព័ត៌មានរបស់អ្នកដំណើរក៏ត្រូវបានរក្សាទុកជាមូលដ្ឋាននៅលើទូរសព្ទចល័តរបស់អ្នកដំណើរ ដោយជំនួសការរក្សាទុកក្នុងទិន្នន័យក្រុមហ៊ុនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញបាននិយាយថា ការសាកល្បងនេះគឺជាជំហានបន្ទាប់ក្នុងការបង្កើតឡើងវិញនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញកំពុងជំរុញឱ្យឈានមុខគេនៃការងើបឡើងវិញនៃឧស្សាហកម្មធ្វើដំណើរដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ការងើបឡើងវិញទាំងសេដ្ឋកិច្ចនិងសង្គម។
កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី បានសាកល្បងកម្មវិធី ចំពោះអ្នកដំណើរដែលធ្វើដំណើរពីសឹង្ហបុរី ទៅកាន់ទីក្រុងឡុងដ៍ផងដែរ។ ក្រុមហ៊ុនបាននិយាយថា កម្មវិធីនេះត្រូវបានអតិថិជនទទួលបានការប្រើប្រាស់ល្អ និងបានកត់សម្គាល់ថាពួកគេបានបើកអោយប្រើប្រាស់កម្មវិធីសម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

