ភ្នំពេញ ៖ ខណៈពេលនេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មិនទាន់ថមថយនៅឡើយ ដោយមានចំនួនអ្នកឆ្លងថ្មីនៅតែកើន ហេតុនេះ រាជរដ្ឋាភិបាលបានសម្រេចធ្វើការបិទខ្ទប់រាជធានីភ្នំពេញ បន្តទៅទៀត ដោយនៅពេលនេះ មានការបែងចែកជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម។

តែទន្ទឹងនិងរាជរដ្ឋាភិបាល កំពុងបន្តការយកចិត្តទុកដាក់ ក្នុងការចែកអំណោយជាស្បៀងអាហារ ទៅដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់ ឃើញថា ក៏មានសប្បុរសជនមួយចំនួន បានចេញមុខចូលរួមចំណែកដល់លំបាករបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីចែករំលែកនូវស្បៀងអាហារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដល់បងប្អូនប្រជាពលរដ្ឋ និងក៏ដូចកម្មករ កម្មការិនីរោងចក្រ ដែលកំពុងស្វះស្បៀងជាក់ស្តែងនាអំឡុងពេលនេះ។
ក្នុងនោះផងដែរ លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក៏បានត្រៀមបន្លែ ត្រី សាច់ យ៉ាងអនេក ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅក្នុងតំបន់ក្រហម។

នេះបើតាមរយៈគណនីហ្វេសប៊ុកលោកឧកញ៉ា ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា «ត្រៀមប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ពួកគាត់ពិតជាត្រូវការជាចាំបាច់ក្នុងអំឡុងពេលនេះ ត្រីរ៉ស់ងៀត 1000 kg សាច់ក្រក់ 1000 kg បន្លែច្រើនមុខរួម 11600 kg ជួយគ្នាក្នុងគ្រាលំបាក ចូលរួមការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា»។

ក្រោយពីបានឃើញនូវទង្វើដ៏ល្អមួយនេះ មហាជនជាច្រើន និងក៏ដូចហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តចែករំលែកដ៏ធំធេងរបស់លោកឧកញ៉ា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



