ភ្នំពេញ ៖ ក្រសួងផែនការបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ០១នាក់ ជាមន្ត្រី នៃនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ឈ្មោះ អ៊ុក វិចិត្រ ភេទប្រុស អាយុ ៤២ ឆ្នាំ មាន អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៦១ ផ្លូវលេខ១៦BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល មានក្រុមគ្រួសារជាអាជីវករលក់ដូរនៅផ្សារអូរឬស្សី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១នៅផ្សារអូរឬស្សី ក្នុងនោះមានសមាជិកក្រុមគ្រួសារចំនួន០៣នាក់រួចមកហើយបានឆ្លងវីរុសកូវីដ-១៩ (បានជាសះស្បើយចំនួន០១នាក់) លោកជាបុគ្គលទី៤ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីបានតេស្តអវិជ្ជមានលើកទី១ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ចាប់ពីថ្ងៃពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅផ្សារអូរឬស្សីមក លោក អ៊ុក វិចិត្រ ពុំដែលមានវត្តមាននៅទីស្តីការក្រសួង ផែនការឡើយ (អវត្តមានពីយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១) ដោយ លោកបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះរហូតដល់ថ្ងៃតេស្តលើកទី២ រកឃើញវិជ្ជមានកូវីដ-១៩នេះតែម្តង។
ក្រសួងផែនការសូមជូនដំណឹងជូនដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ អ៊ុក វិចិត្រ ដោយផ្ទាល់ ត្រូវទៅយកសំណាកនៅតាមទី តាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខភាពចាក់ អង្រែក្រោម , វិទ្យាល័យបាក់ទូកវិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្កល ព្រមទាំងដាក់ខ្លួនឱ្យ នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ករណី ស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ និង ៣ការពារ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ៖ចេស្តារ


