ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងអោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារដែលក្នុងនោះ មានទាំងអង្ករជាង១៥០តោន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩. ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។

ពិធីប្រគល់និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ មេសា ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោកវែង សាខុន និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីមនិងលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។
អំណោយដែលប្រគល់ជូន ដោយលោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មករដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះបានមកពីការជួយ ឧបត្ថមពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រគល់មកឱ្យកម្ពុជា ។

ចំណែកលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយមកប្រគល់ជូនសាលារាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០ យូនិងមី៦០០០កេសតូច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែល ទទួលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩នៅក្នុងតំបន់ក្រហម។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងអោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយកស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែល ទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម ។
កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





