ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រហែលជាបានភ្ញាក់ផ្អើល និងហួសចិត្តរួចហើយ ទាក់ទងនឹងទង្វើលេងសើចរបស់គូស្នេហ៍ជនជាតិតៃវ៉ាន់មួយគូ តាមរយៈការយក Color មកផាត់គូរធ្វើជាម៉ាស់ ជំនួសឲ្យម៉ាស់ពិត រួចនាំគ្នាដើរទិញទំនិញយ៉ាងសប្បាយ ពេញក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងប្រទេម៉ាឡេស៊ី។
តែយ៉ាងណា ទង្វើនៃការលេងសើចនេះ ជាលទ្ធផល ត្រូវបានប៉ូលីសម៉ាឡេស៊ី ចាប់ផ្តើមចាត់វិធានការ ទៅតាមច្បាប់ល្មើសបម្រាមពាក់ម៉ាស់ចាំបាច់នៅទីសាធារណៈ បន្ទាប់ពីវីដេអូរបស់ពួកគេ បានធ្វើឲ្យក្នុងចំណោមប្រជាជនម៉ាឡេស៊ី ផ្ទុះការក្តៅក្រហាយ និងស្នើឲ្យប៉ូលីសចាត់វិធានការកុំឲ្យរួចខ្លួន។

ដោយឡែក ថ្មីៗនេះ វីដេអូរបស់អ្នកទាំងពីរ ត្រូវបានគេចែករំលែកយ៉ាងលឿន ដោយបង្ហាញស្រីស្រស់នោះ ត្រូវបានផាត់ពណ៌គូររូបម៉ាស់ឲ្យ ពីសំណាក់ដៃបុរសជាគូរបស់នាង មុនពេលពួកគេចាក់ចេញឡើងផ្សារទំនើប។
គួររម្លឹកថា រឿងដ៏ហួសចិត្តនេះបានកើតឡើង បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិតៃវ៉ាន់ ដែលគេគ្រាន់តែបញ្ជាក់ឈ្មោះខ្លីថា JPL និងដៃគូស្រីឈ្មោះថា L នៅពេលដើរចូលផ្សារទំនើបក្នុងតំបន់ ក៏បានត្រូវសន្តិសុខប្រាប់ពួកគេថា នាង L មិនត្រូវបានអនុញ្ញាតឲ្យចូលផ្សារដោយគ្មានម៉ាស់ទេ។ នៅពេលនោះ អ្នកទាំងពីរក៏បានវិលត្រឡប់ទៅកាន់រថយន្តរបស់ពួកគេ ហើយក៏បានលាបពណ៌លើមុខរបស់ L គូរជារូបម៉ាស់ជំនួស ហើយបន្ទាប់មក ពួកគេក៏បានវិលត្រឡប់មកផ្សារទំនើបវិញ។ ខណៈនោះ JPL បានពាក់ម៉ាស់ត្រឹមត្រូវ ហើយបានថតវីដេអូពីសកម្មភាពពួកគេ កំពុងដើរជុំវិញក្នុងផ្សារ។

JPL ត្រូវបានឮសួរទៅកាន់ L ថា «តើអ្នកមានបានកត់សម្គាល់ឃើញថា គ្មាននរណាម្នាក់មើលមកអ្នកទេ?»។ L បានឆ្លើយថា «ពិតណាស់ហើយ ព្រោះវាមើលទៅដូចពិតៗ»។
JPL បាននិយាយទៅកាន់ L ដែលបានឆ្លើយតបទាំងអស់សំណើចថា «គ្មាននរណាម្នាក់កត់សម្គាល់ទេ! សូម្បីតែសន្តិសុខ។ ខ្ញុំសឹងតែមិនចង់ជឿចំពោះការងារដ៏អស់ទាស់នេះ»៕
ទោះយ៉ាងណា នៅពេលនេះ គូស្នេហ៍ជនជាតិតៃវ៉ាន់ខាងលើ បានត្រូវអាជ្ញាធរម៉ាឡេស៊ី រឹបអូសលិខិតឆ្លងដែន និងកំពុងពិចារណានិរទេសពួកគេចេញពីប្រទេស បន្ទាប់បីពួកគេបានប្រព្រឹត្តនូវទង្វើលេងសើច «លាបពណ៌លើមុខធ្វើជាម៉ាស់ ជំនួសឲ្យម៉ាស់ពិត» ដើរនៅទីសាធារណៈ ដែលជាការរំលោភបំពានលើច្បាប់ពាក់ម៉ាស់ជាចាំបាច់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










