នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យអាណិតខ្លាំងណាស់ ខណៈដែលនារីជាកូនក្រមុំវ័យជំទង់ម្នាក់ បានទ្រហ៊ោយំស្ទើរសន្លប់ ព្រោះក្នុងថ្ងៃចូលរោងការ បែរជាគ្មានវត្តមានកូនកំលោះ ដោយទុកឲ្យនាងឈរទទួលភ្ញៀវទាំងក្តីអាម៉ាសតែឯង។ ហេតុការណ៍ដ៏មិននឹកកស្មាននេះ បានកើតឡើងនៅក្នុងស្រុក Phra Thong Kham ខេត្ត Nakhorn Ratchasima ប្រទេសថៃ កាលពីពេលកន្លងទៅនេះ។

កូនកំលោះដែលមិនបង្ហាញខ្លួននៅក្នុងពិធីមង្គលការមានឈ្មោះ Theeraphat Khemsunthia អាយុ ១៩ ឆ្នាំ។ ចំណែកកូនក្រមុំមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ មានអាយុ ១៥ ឆ្នាំ។
តាមដំណើរដើមទងនៃរឿងហេតុនេះ បានឲ្យដឹងថា ពួកគេទាំងពីរបានស្គាល់គ្នាអស់រយៈពេលប្រមាណជា ៧ ខែ កន្លងមកហើយ ប៉ុន្តែ ពួកគេបានជ្រុលជ្រួសហួសប្រពៃណី រហូតធ្វើឲ្យខាងស្រីមានផ្ទៃ ហេតុដូច្នេះ ឪពុកម្តាយខាងកូនស្រី ក៏ព្រមព្រៀងគ្នាជាមួយឪពុកម្តាយខាងកូនកំលោះ ដើម្បីរៀបមង្គលការឲ្យពួកគេក្លាយជាប្តីប្រពន្ធពេញច្បាប់ទៅ។

ទោះយ៉ាងណា ដល់ថ្ងៃចូលរោងការ ស្រាប់តែភាគីខាងកូនកំលោះពុំបានបង្ហាញមុខនោះទេ ដោយទុកឲ្យខាងស្រីរៀបចំមង្គលការតែឯង ដែលធ្វើឲ្យកូនក្រមុំរងភាពអាម៉ាសយ៉ាងខ្លាំង រហូតធ្វើឲ្យនាងឈឺចិត្តយំស្ទើរសន្លប់បាត់ស្មារតីតែម្តង។
លោក Som Yusamran ឪពុកកូនក្រមុំ បានប្រាប់ថា ពួកគាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់ភាគីកូនកំលោះ ដែលមិនគួរណាបានធ្វើឲ្យពួកគាត់រងភាពអាម៉ាសខ្លាំងបែបនេះ។

នៅចំពោះមុខប៉ូលីសប៉ុស្តិ៍ Phra Thong Kham ឪពុកម្តាយកូនកំលោះ បានទទួចថា ដំបូងឡើយ ពួកគាត់គ្មានចេតនាបោកប្រាស់ទេ តែពួកគាត់គ្មានលុយ ដូច្នេះ ក៏មិនបានមកតាមកាលកំណត់នៃការរៀបមង្គលការ។
ទោះយ៉ាងណា មន្ត្រីស៊ើបអង្កេតបានបញ្ជាក់ឲ្យដឹងថា នេះជាករណីបទចោទប្រកាន់ចាប់ក្មេង និងរំលោភសេពសន្ថវៈលើអនីតិជនដែលមានអាយុមិនលើសពី ១៨ ឆ្នាំ។ ប៉ុន្តែដោយសារជនជាប់ចោទបានប្រគល់ខ្លួន ដូច្នេះ មិនចាំបាច់ប្រើមូលបត្រធានានៅក្រៅឃុំនោះទេ គឺត្រូវផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







