ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តឆ្លងផ្លូវបំបែកជាបួន មិនទាន់នឹងផុតផង ក៏ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរបញ្រ្ចាសមកបុកប៊ើងផ្លោងដូចកណ្ដាប់ ទើបកៀបជាប់នឹងជញ្ជីងធនាគារ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខ ដែលអង្គុយយាមនៅធនាគារនោះបានឲ្យថា នៅមុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់ បើកបររថយន្តម៉ាកកាំម៉ារីហាយព្រីត ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ2Z-6101 ក្នុងទិសដៅពីកើតមកលិច តាមបណ្ដោយផ្លូវលេខ១២៦ ខណៈពេលមកដល់ផ្លូវបំបែកជាបួន ក៏បានឆ្លងមិនទាន់នឹងផុតផង ស្រាប់តែឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប១គ្រឿង ម៉ាកអាល់ផាពណ៌សពាក់ផ្លាកលេខភ្នំពេញ2AU-0123 បើកបរក្នុងទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវលេខ៥១ ក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នផងនោះ ក៏ជ្រុលមកបុកចំពេញទំហឹងផ្នែកខាងមុខ បណ្ដាលឲ្យរថយន្តស៊េរីទំនើប ផ្លោងជឹត១៥ម៉ែត្រទៅគៀបជាប់នឹងជញ្ជាំងធនាគារ ទៅមុខលែងរួច រងការខូចខាតទាំងសង្ខាងយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ ដើម្បីធ្វើការវាស់វែង និងយករថយន្តមួយគ្រឿងទៀត ដែលនៅកណ្ដាលផ្លូវមកដាក់អែបខាង ហើយឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ទើបព្រងព្រៀងយករថយន្តដែលរងការខូចខាតនោះ ទៅធ្វើការជួសជុលរាងរៀនខ្លួន ដើម្បីបញ្ចប់រឿង សូមបញ្ជាក់រីឯកាំជណ្ដើរ និងរបងធនាគារ ដែលបានរកការខូចខាត ត្រូវបានភាគីខាងរថយន្តស៊េរីទំនើប ជាអ្នកធ្វើការជួសជុលសង ៕ រក្សាសិទ្ធិដោយ៖ សារឿន






