ភ្នំពេញ ៖ នៅវេលាម៉ោង ២០និង០៥នាទី ថ្ងៃសៅរ៍ ទី ១ ខែ ឩសភា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឩត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ ដេីម្បីការពារ ការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមេីលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ ដដែលជាតំបន់ក្រហមហាមឃាត់មិនឲ្យចេញពីផ្ទះ និង មិនឲ្យធ្វេីដំណេីរចេញក្រៅបានឡេីយ។

ក្នុងការចុះអនុវត្តន៍ ពង្រឹងសន្តិសុខនៅគោលដៅ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គោលដៅច្រមុះជ្រូក គណៈបញ្ជាការឯកភាព ឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហម ចំនួន ៥គ្រឿង និង អនុវត្តន៍បន្ទុកពិន័យតាមច្បាប់អន្តរការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងឃាត់បានអាវុធខ្លីមួយដើមផងដែរ ។
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមសរុប ៣៥ នាក់ និងបញ្ចប់នៅវេលាម៉ោង ២១ៈ១៥នាទី នាថ្ងៃខែឆ្នាំដដែរ ៕ រក្សាសិទ្ធិដោយ៖មីដា





