រាជធានីភ្នំពេញ ៖ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូនចំពោះគណៈគ្រប់គ្រង ក្រុមការងារនិពន្ធ និងបុគ្គលិកសហការីទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) ជាទីស្រឡាញ់រាប់អាន!។

លោកជំទាវឧកញ៉ា ជីប យុទ្ធារី បានមានប្រសាសន៍ថា មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) ពិតជាមានមោទនៈភាពក្នុងនាមជាក្រុមហ៊ុនមួយឈានមុខក្នុងវិស័យព័ត៌មានអស់រយៈពេល ១៣ឆ្នាំមកនេះដែលបានចូលរួមចំណែកក្នុងការកសាងសង្គមជាតិ ផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ទៅដល់ប្រជាពលរដ្ឋកម្ពុជា។ ស្របពេលដែលរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋកំពុងតែប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តវិធានការផ្សេងៗទាក់ទិននឹងការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដូច្នេះ សូមគណៈគ្រប់គ្រង ក្រុមការងារនិពន្ធ បុគ្គលិកសហការីទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចអនុវត្តផ្ទាល់នៅចំណុចបិទខ្ទប់ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា យើងនៅតែរក្សាភាពឈានទៅមុខជាបន្តបន្ទាប់ទៀតនាពេលអនាគត។

អ្នកទាំងអស់គ្នាបានដឹងច្បាស់មកហើយថា ឆ្នាំ២០២០ គឺជាឆ្នាំដែលពិភពលោកទាំងមូល ត្រូវបានយាយីដោយជំងឺរាតត្បាតជាសាកលកូវីដ-១៩ ហើយប្រទេសកម្ពុជាយើងក៏បានរងគ្រោះ ដោយសារជំងឹនេះដែលគិតមកដល់ចុងខែមេសា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងបានកើតឡើងលើស ១០,០០០ករណី ទៅហើយដែលជាហេតុឲ្យរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបិទខ្ទប់។ តាមរយៈវិធានការបិទខ្ទប់នេះ អាជីវកម្មជាច្រើនទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះអាជីវកម្មមួយចំនួនរបស់ CEN (Cambodia Express News) ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនអន្តរជាតិធំៗលើពិភពលោក ក៏ដូចជាក្រុមហ៊ុនធំៗនៅប្រទេស កម្ពុជា យើងត្រូវបានប្រកាសផ្អាកប្រតិបត្តិការ ឬប្រកាសក្ស័យធនតែម្ដងបណ្ដាលមកពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។ ដោយឡែកក្រុមហ៊ុនមួយចំនួននៅប្រទេសកម្ពុជាយើង ដែលកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ បាននិងកំពុងត្បិតត្បៀតសន្សំសំចៃ កាត់បន្ថយនូវការខាតបង់របស់ពួកគេ តាមរយៈការកាត់បន្ថយការចំណាយមិនចាំបាច់នានា ជាពិសេសគឺឆ្លៀតឱកាស ជម្រុះបុគ្គលិកមួយចំនួនដែលមិនសូវសកម្ម ខ្វះការទទួលខុសត្រូវ ឬមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនជាដើម។ ប៉ុន្តែ CEN (Cambodia Express News) បានប្រកាន់ខ្ជាប់ដោយមិនជ្រើសយកនូវជម្រើសនេះឡើយ ព្រោះយើងផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយបុគ្គលិកគ្រប់ៗរូប ហើយក្រុមហ៊ុនយល់ច្បាស់ផងដែរ អំពីការគាំទ្រមួយដែលអ្នកគ្រប់គ្នាកំពុងមានតម្រូវការ យ៉ាងចាំបាច់បំផុតក្នុងអំឡុងពេលដ៏លំបាកមួយនេះ។ CEN (Cambodia Express News) មានមោទនៈភាពជម្រាបជូនថា យើងនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់យើង ហើយយើងនឹងរួមគ្នាឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះទាំងអស់គ្នា។
យើងត្រូវចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា អោយមានប្រសិទ្ធភាព និងដោយ ភាពទទួលខុសត្រូវខ្ពស់។ សូមជូនពរ គណៈគ្រប់គ្រង ក្រុមការងារនិពន្ធ និងបុគ្គលិកសហការីទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ និងចៀសផុតពីរោគរាតត្បាតនេះ៕ រក្សាសិទ្ធិដោយ៖ CEN









