ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អអភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត
នៅរសៀលថ្ងៃអាទិត្យ ទី២ ខែឧសាភា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់អំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និង អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កម្លាំងទាំង៣ក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក និងកម្លាំងការពារព្រំដែនទាំង ៥៩ គោលដៅខេត្តស្វាយរៀង។

អំណោយទាំងនោះរួមមាន៖ អង្ករនាងម៉ិញ ១២.៩០០គីឡូក្រាម មីម៉ាម៉ា ៨៤៣កេសតូច ត្រីខកំប៉ុង ១០៣០យួរ ទឹកត្រី ៣២៧យួរ ទឹកស៊ីអ៊ីវ ៣២៧យួរ សម្រាប់ផ្គត់ផ្គង់ដល់គោលដៅដែលឈរជើងនៅតាមបន្ទាត់ព្រំដែន កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងចូលរួមចំណែកជួយសម្រាលនូវបន្ទុក របស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សរបញ្ជាក់អោយឃើញពីទឹកចិត្តសប្បុរសធម៌ នូវវប្បធម៌ចែករំលែកក្នុងគ្រាលំបាក។

លោកអភិបាលរងខេត្តបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្ត លោក ឌី វិជ្ជា អគ្គស្នងការរង និងលោក ម៉ែន វិបុល អភិបាលខេត្ត មកជូនដល់កងកម្លាំងទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែន សូមបន្តចូលរួមអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ ការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ






