ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានទទួលអំណោយជាស្បៀងពី សប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី ០៣ ខែឧសភា ឆ្នាំ២០២១។

ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើជូននូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ហើយមិនត្រឹមតែបាន ចុះជួយមូលដ្ឋាននៅក្រុងបាវិត នោះទេ គឺថែមទាំងមកចូលរួមចំណែក ជាមួយខ្ញុំនៅរាជធានីភ្នំពេញទៀត ។ ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តម បាននាំមកនូវអំណោយ ជាស្បៀងមកផ្តល់ជូនរួមមាន ៖ ត្រីខ ៥០កេសធំ, មី ១០០កេសតូច, អង្ករ ៨តោន, ទឹកត្រី ៤០០យួរ, ទឹកស៊ីអ៊ីវ ៤០០យួរ ដែលជាអំណោយសប្បុរសពីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងសប្បុរសជនៅរាជធានីភ្នំពេញ មកជួយដល់ប្រជាពលរដ្ឋខ្មែរ នាពេលនេះ ។

ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកចំពោះមុខនេះ លោកជំទាវ បានចាត់ទុក ការចូលរួមគៀងគររបស់ឯកឧត្តម លី ធុជ ជាមួយបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី គឺជាការលះបង់នូវកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ពីវិប្បត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលនេះ។ ម្យ៉ាងទៀត អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា បើទោះជាបងប្អូនរស់នៅឯក្រៅប្រទេសក៏ដោយ តែនៅបានយកចិត្តទុកដាក់ ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះ ។

ឆ្លៀងក្នុងឱកាសនោះ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួម និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើទោះបីជាបានទទួល ការចាក់វ៉ាក់សំាងទាំងពីរលើក រួចរាល់ហើយក៏ដោយ ជាពិសេស សូមគោលការណ៍ របស់ក្រសួងសុខាភិបាល និងវិធានរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ













