នៅពេលដែលពិភពលោកឈានដល់រលកនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រទេសជាច្រើនកំពុងចាប់ផ្តើមប្រឈមមុខនឹងការកើនឡើងនៃករណីនេះ។ ជាក់ស្តែង នៅប្រទេសម៉ាឡេស៊ីមានករណីឆ្លង COVID-19 ថ្មីសរុបចំនួន ២,៨៨១ ករណី កាលពីម្សិលមិញ ។ រីឯប្រទេសសិង្ហបុរីវិញ ក៏បានកត់ត្រានូវករណីឆ្លងក្នុងស្រុកចំនួន ៩ ករណី និងស្លាប់១ករណី នៅថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ ។

ទោះបីជាការចាក់វ៉ាក់សាំង ជួយឱ្យយើងមើលឃើញពីក្តីសង្ឃឹម ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ដ៏កំណាចនេះក៏ដោយ ក៏នៅក្នុងប្រទេសឥណ្ឌា មានករណីឆ្លងថ្មីចំនួន ៤០១.៩៩៣ ករណី និងមានអ្នកស្លាប់ចំនួន ៣.៥២៣ នាក់ ក្នុងរយៈពេលតែ ២៤ ម៉ោង។ ការចាក់ថ្នាំបង្ការរោគដែលផ្តោតលើបុគ្គលដែលមានអាយុពី ១៨ ទៅ ៤៥ ឆ្នាំ គឺមិនអាចចាប់ផ្តើមបានទេ ដោយសារកង្វះការផ្គត់ផ្គង់ និងក៏ដូចជាការរឹតត្បិតការធ្វើដំណើរ។

លើសពីនេះ ការខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារៈបរិក្ខារដូចជា៖ គ្រែ, បំពង់អុកស៊ីសែន បានធ្វើឲ្យឈឺចាប់មិនត្រឹមតែអ្នកជំងឺប៉ុណ្ណោះទេ គឺថែមទាំងបុគ្គលិកពេទ្យទៀតផង។ ពិតណាស់ រដ្ឋាភិបាលបានទទួលការព្រមានទាក់ទងនឹងរលកទី២ ប៉ុន្តែមិនអើពើនឹងការព្រមាន ហើយបានបន្តអនុញ្ញាតឱ្យមានការប្រជុំសាសនា និងការប្រមូលផ្តុំគ្នាបោះឆ្នោត។
យោងតាមសារព័ត៌មាន Straits Times រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ Lockdown ប៉ុន្តែសារដែលផ្ទុយគ្នានេះបានធ្វើឱ្យសាធារណជនច្របូកច្របល់ ហើយការប្រមូលផ្តុំគ្នាធំៗ ត្រូវបានធ្វើឡើងដោយគ្មានរក្សាគម្លាតពីគ្នា នៅក្នុងរដ្ឋចំនួន ៥ ដែលជាប់ឆ្នោត។
នៅក្នុងការបង្ហោះតាមហ្វេសប៊ុកចែករំលែកដោយលោកវេជ្ជបណ្ឌិត Noor Hisham អគ្គនាយកសុខាភិបាលម៉ាឡេស៊ីក្នុងទិវាពលកម្មកាលពីម្សិលមិញ លោកបានរម្លឹកដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ថា យើងនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយយើងស្ថិតនៅជួរការពារចុងក្រោយ។ លោកបានបន្ថែមថា “យើងត្រូវតែរៀនមេរៀនហើយចៀសវាងរលកស៊ូណាមិទី១៩ ដូចដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាជាក់ស្តែង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

