មន្រ្តីម្នាក់បាននិយាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ថា តារាបណ្តាញសង្គមដ៏ល្បី២រូប ដែលជាប្រធានបទបង្កឲ្យផ្ទុះកំហឹងពាសពេញប្រទេសឥណ្ឌូនេស៊ី ចំពោះទង្វើលាបពណ៌គូរជាម៉ាស់ក្លែងក្លាយ នៅលើកោះបាលី នឹងត្រូវនិរទេសឆាប់ៗនេះ បន្ទាប់ពីវីដេអូ Prank របស់ពួកគេ ត្រូវបានគេជេរប្រមាថយ៉ាងខ្លាំង តាមអុិនធើរណែត កាលពីដើមខែនេះ។

ប្រធានការិយាល័យកោះបាលី សម្រាប់ក្រសួងច្បាប់ និងសិទ្ធិមនុស្ស លោក Jamaruli Manihuruk បានប្រកាសថា តារាអុិនធើរណែតទាំងពីរនេះ បានរំលោភបំពានលើបទបញ្ជាដែលតម្រូវឲ្យពាក់ម៉ាស់ចាំបាច់នៅទីសាធារណៈ និងក៏ដូចរំលោភច្បាប់អន្តោប្រវេសន៍របស់ឥណ្ឌូនេស៊ី ដែលដាក់ពួកគេឲ្យគោរពតាមបទបញ្ជាក្នុងតំបន់ នោះការដាក់ទណ្ឌកម្មគឺរួមមានការនិរទេស។

លោក Jamaruli បានមានប្រសាសន៍ថា “ ផែនការនេះ គឺដើម្បីបណ្តេញពួកគេ ប៉ុន្តែវានៅតែជាផែនការ ពីព្រោះយើងនៅតែសម្លឹងមើលថា តើពេលណាពួកគេអាចចាកចេញបាន វាអាស្រ័យលើជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេ ប៉ុន្តែយើងសង្ឃឹមថានឹងធ្វើវាឆាប់ៗ”។

គួរបញ្ជាក់ថា តាអុីនធើណែតល្បីឈ្មោះទាំងពីរ ដែលខាងប្រុសជាជនជាតិតៃវ៉ាន់ឈ្មោះ Joh Paler Lin និងខាងស្រីជាជនជាតិរុស្ស៊ីមានឈ្មោះ Se Leia AKA Lisha បានបង្កការខឹងសម្បារពាសពេញប្រទេសឥណ្ឌូនេស៊ី កាលពីដើមខែនេះ បន្ទាប់ពីពួកគេបានធ្វើវីដេអូ Prank គូររូបម៉ាស់នៅលើ Lisha ហើយអាចដើរចូលក្នុងផ្សារទំនើបក្នុងតំបន់ ដោយអ្នកទាំងពីរបានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែមិននឹកស្មានថា «ស្នាដៃដ៏អស្ចារ្យ» មួយនេះរបស់ពួកគេ បែរជាគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




