ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ និងស៊ែរតៗគ្នា ចំពោះវីដេអូរបស់លោកពូប៉ូលីសម្នាក់ ដែលបានច្រៀងលេងកម្សាន្តបន្ធូរអារម្មណ៍ នូវបទមនោសញ្ចេតដ៏កម្សត់ និងបទជាច្រើនទៀតផងដែរ ដែលធ្វើឲ្យមហាជនក្នុងចំណោមក្មេងៗជាយុវវ័យ នាំគ្នាកោតសរសើរជាខ្លាំង។

តែទោះយ៉ាងណា នៅពេលឃើញបែបនេះ ក៏មានមនុស្សមួយភាគតូច បែរជាសម្តែងការមិនពេញចិត្តទៅវិញ ដោយក្នុងនោះ គេបានប្រទះឃើញគណនីហ្វេសប៊ុកនារីម្នាក់ឈ្មោះថា kunthea Srp បានរិះគន់ឡើងចាស់ដៃបែបនេះថា៖ «ខ្ញុំចង់សួរថារាល់ថ្ងៃ ពូគិតអីហាស ពាក់ឯកសណ្ឋានប៉ូលីសមកអង្គុយច្រៀង ធ្វើដូចគ្មានរឿងអីកើតឡើង គេវឹកវរពេញប្រទេស ស្របពេលដែលកងកម្លាំងនិងប្រជាពលរដ្ឋមួយចំនួនកំពុងវេទនា ឱកាសក្លាយជាតារានៅមានច្រើនណាស់ពូ តែមិនមែនពេលនេះ ខ្ញុំសុំមិនយល់មែនតើ»។

ក្រោយឃើញគណនីខាងលើរិះគន់បែបនេះ ពូមន្រ្តីសមត្ថកិច្ចរូបនេះ បានបង្ហោះសារឆ្លើយតបបកទៅវិញថា៖ «សូមផ្ញើជូនកញ្ញា kunthea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្ស ហើយមិនរៀនរស់ឲ្យគេអាណិតស្រឡាញ់ទេ កើតមកហើយឲ្យតែគេស្អប់ ហើយស្លាប់ទៅវិញក៏ឲ្យគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ម៉ោងសម្រាកពីការងារ ខ្ញុំច្រៀងកម្សាន្តបន្ធូរអារម្មណ៍ពីការងារមិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកឲ្យបងប្អូនកម្មករកម្មការិនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ »។

ជាមួយគ្នានេះផងដែរ ក៏មានមន្រ្តីប៉ូលីសម្នាក់ បានចេញមកដាក់ទៅកាន់នារីរិះគន់ខាងលើឡើងកប់ៗថា៖ «បងប្អូនជួយ Share ម្នាក់មួយផង! ការពារតំបន់ក្រហម មិនបានជួបប្រពន្ធកូនទេ ដាក់បទលក់គោយន្ត ដែលកំពុងល្បីម៉ាបទលេង មានអ្នកដេកផ្ទះអេស ពោះស្រួលចេញមកទេីសម៉ង! អ្នកទេីសម្នាក់នឹងប្រហែលជាច្រៀងមិន ពីរោះដូចគាត់ផងមិនដឹង បានច្រណែនអួលទ្រូងខូចចិត្ត ហេីយចេញមករិះគន់មិនសម ទាំងខ្លួនឯងច្រៀងដូចគោផងមេីលទៅ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






