អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌាមានចំនួនជិតពាក់កណ្តាលនៃករណីកូវីដ -១៩ ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោក កាលពីសប្តាហ៍មុន ខណៈដែលការស្លាប់ដោយសារជំងឺនេះបានកើនឡើងដល់ ៣.៧៨០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
អង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងរបាយការណ៍រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា ប្រទេសឥណ្ឌាមានចំនួន ៤៦ ភាគរយនៃករណីឆ្លងនៅលើពិភពលោក និង ២៥ ភាគរយនៃការស្លាប់ទូទាំងពិភពលោក ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍មុន។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ការឆ្លងមេរោគប្រចាំថ្ងៃនៅក្នុងប្រទេសនេះ បានកើនឡើង ៣៨២.៣១៥ នៅថ្ងៃពុធនេះ ដែលជាថ្ងៃទី១៤ ជាប់ៗគ្នានៃករណីឆ្លងជាង ៣០០.០០០ ករណី។
ការស្លាប់ដ៏សាហាវជាលើកទី២ ពីជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានបណ្តាលឲ្យមន្ទីរពេទ្យអស់ចំនួនគ្រែ និងអុកស៊ីសែន និងសូម្បីតតែកន្លែងបញ្ចុះសព និងកន្លែងបូជាសពកំពុងហូរហៀរ។ មនុស្សជាច្រើនបានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ និងកន្លែងចំណតរថយន្ត ដោយរង់ចាំគ្រែ ឬអុកស៊ីសែន។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការមិនចាត់វិធានការឲ្យ បានឆាប់រហ័ស ដើម្បីបង្ក្រាបវីរុសរលកទី២នេះ ខណៈពិធីបុណ្យសាសនា និងការប្រមូលផ្តុំគ្នាខាងនយោបាយ បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយបែបទំនើប។
អ្នកនិពន្ធឥណ្ឌា Arundhati Roy បានសរសេរនៅក្នុងគំនិតមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យលោក Modi ចុះចេញពីតំណែងថា “យើងត្រូវការរដ្ឋាភិបាល! យើងកំពុងអស់ខ្យល់ហើយ យើងកំពុងស្លាប់ហើយ!

នេះគឺជាវិបត្តិនៃការបង្កើតរបស់អ្នក ដែលមិនអាចដោះស្រាយវាបាន និងកាន់តែធ្វើឱ្យស្ថានការណ៍នេះរឹតតែអាក្រក់ទៅៗ ដូច្នេះ សូមចុះចេញទៅ! ។ វាគឺជាការទទួលខុសត្រូវបំផុតសម្រាប់អ្នកក្នុងការធ្វើកិច្ចការងារនេះ ព្រោះអ្នកបានលះបង់សិទ្ធិខាងសីលធម៌ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីរបស់យើង”។
រដ្ឋមន្រ្តីផ្លូវដែកលោក Piyush Goyal បាននិយាយនៅលើបណ្តាញសង្គម Twitter ថា រថភ្លើងចំនួនពីរខ្សែបានទៅដល់រដ្ឋធានីដេលី កាលពីថ្ងៃពុធ ដោយផ្ទុកអុកស៊ីសែន ដែលជាតម្រូវការខ្លាំងរខ្លាំង។ រហូតមកដល់ពេលនេះមានរថភ្លើងចំនួន ២៥ គ្រឿង បានបញ្ជូនអុកស៊ីសែនទៅផ្នែកផ្សេងៗនៃប្រទេសឥណ្ឌា។

រដ្ឋាភិបាលឥណ្ឌានិយាយថា មានការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ ប៉ុន្តែការចែកចាយត្រូវបានរារាំង ដោយបញ្ហាការដឹកជញ្ជូន។ ហេតុនេះ ការកើនឡើងនៃការឆ្លងនៅឥណ្ឌា គឺបានកើតឡើងស្របពេលជាមួយនឹងការធ្លាក់ចុះនៃការចាក់វ៉ាក់សាំង ដោយសារតែបញ្ហាការផ្គត់ផ្គង់ និងការចែកចាយ។
យ៉ាងហោចណាស់មានរដ្ឋចំនួន ៣ រួមមានរដ្ឋ Maharashtra ដែលជាទីប្រជុំជននៃរដ្ឋធានីពាណិជ្ជកម្មនៃទីក្រុង Mumbai ត្រូវបានគេបានរាយការណ៍ថា កំពុងកង្វះខាតនៃវ៉ាក់សាំង ដោយមជ្ឈមណ្ឌលចាក់ថ្នាំបង្ការមួយចំនួនត្រូវបានបិទ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



