ភ្នំពេញ ៖ ការសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងនេះ បានធ្វើឡើងដោយលោក លិ សុខា ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៅព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ នេះបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លើសំណុំរឿង ក្រុមយុវជនបរិស្ថានចំនួន០៥នាក់ (នៅក្នុងឃុំ០៣នាក់ និងក្រៅឃុំ០២នាក់) ។

ជនជាប់ចោទ១.ឈ្មោះ ឡុង គន្ធា ស្រី (នៅក្នុងឃុំ) ២.ឈ្មោះ ភួន កែវរស្មី ស្រី (នៅក្នុងឃុំ) ដាក់ពន្ធនាគារម្នាក់ៗ១៨ខែ ពិន័យម្នាក់ៗ៤លានរៀល និងជនជាប់ចោទ ៣.ឈ្មោះ ថុន រដ្ឋា ប្រុស (នៅក្នុងឃុំ) ៤.ឈ្មោះ អាឡិច ត្រូខុនសាឡេស ទៅក្រៅប្រទេស (នៅក្រៅឃុំ) ៥.ឈ្មោះ ជា គុន្ធិ (ក្រៅឃុំ) ដាក់ពន្ធនាគារម្នាក់ៗ ចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ៗ ចំនួន៤លានរៀល។
ជនជាប់ចោទទាំង៥នាក់ ជាប់ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ២៨, ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទទាំង៥នាក់ ជាប់ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ពាក់ព័ន្ធសកម្មជនបរិស្ថាន របស់អង្គការមាតាធម្ម ជាតិ ( កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និង លោក ថុន រដ្ឋា) ត្រូវបានចាប់ខ្លួន កាលពីខែ កញ្ញា ឆ្នាំ ២០២០។
សូមជម្រាបថា ការចាប់ខ្លួនជនជាប់ចោទខាងលើ គឺទាក់ទងនឹងការផ្សាយ និងចែកចាយព័ត៌មានលើបណ្ដាញ សង្គមដោយនិយាយពីផែនការដើរ ទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញពីផលប៉ះពាល់បរិស្ថាន លើគម្រោងអភិវឌ្ឍន៍បឹងតាមោក ៕ រក្សាសិទ្ធិដោយ៖CEN

