ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងជំនួបជាមួយនឹងលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) បានឲ្យដឹងថា រដ្ឋាភិបាល កូរ៉េបានសម្រេចជួយ កម្ពុជា ដើម្បីជួយគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ជូននូវជំនួយុំនុស្សធម៍ ជាគ្រឿងបរិក្ខារពេទ្យ មានទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកជំទាវរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ រដ្ឋាភិបាលកូរ៉េ ដោយ បាន ផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវការជំនួយជាចាំបាច់។
ក្នុងនាមជាដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមក បានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បី យកឈ្នះលើការ រីករាលដាល នៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា យើង មិនអាចមានសុវត្តិភាពបាន ទេនៅពេលមនុស្សជុំវិញខ្លួន យើងគ្មានសុវត្តិភាព យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជា ជាសាមគ្គីភាព ដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា។
បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗ នូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក និងឧបករណ៍ធ្វើតេសរកមេរោគ ដែលមានតម្លៃស្មើនឹង ១០ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។

សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់ឲ្យកម្ពុជាក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយៈកម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ ប្រហែល ១លានដុល្លារអាមេរិក៖ ទី១) ការផ្តល់ជូន តង់សម្រាប់ធ្វើតេសរកវីរុសចំនួន ២០ និង បន្ទប់ចល័តសម្រាប់ដាក់អ្នកជំងឺកូវីដ (Negative Pressure Carriers) ចំនួន៦០។ ទី២) ផ្តល់គ្រឿងឧបភោគបរិភោគ និងឱសថ សង្គ្រោះ បឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោល ដៅចំនួន ៦រួមមានរាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទី៣) កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍ អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ នៅកម្ពុជា នៅចំនុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥) ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង៕
រក្សាសិទ្ធិដោយ ៖ CEN


