ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជិត ៥០០នាក់ ដែលល្មើសបម្រាមបិទខ្ទប់ នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះសមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការណ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ D-6-5-អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅព្រឹកថ្ងៃទី៦ ខែឧសភានេះថា នៅក្នុងដំណាក់កាល នៃការអនុវត្តបម្រាមគោចរ ក៏ដូចជាការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន ១០នាក់ , បញ្ជូនទៅតុលាការចំនួន ៣នាក់ បានធ្វើការអប់រំណែនាំចំនួន ៨៣នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣៤៩នាក់។

គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស ៤៧៨នាក់ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្ត្រា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងបានបន្តពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ក្នុងនោះរួមមាន “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែល មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍” និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាលក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕
រក្សាសិទ្ធិដោយៈ ចេស្តារ



