ប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអនុម័តច្បាប់ធម្មនុញ្ញ ដែលលុបចោលការកំណត់ អាណត្តិមេដឹកនាំ ហើយការអនុម័តនេះអាចធ្វើឲ្យប្រធានាធិបតិ ស៊ី ជីងពីងកាន់តំណែងបានអស់មួយជីវិត។ នេះបើតាមការចេញផ្សាយរបស់ BBC។
ការកែប្រែរដ្ឋធម្មនុញ្ញត្រូវបានអនុម័តដោយសមាជប្រជាជនប្រចាំឆ្នាំ។ ការបោះឆ្នោតត្រូវបានគេ ចាត់ទុកថាគឺជាការអនុម័តដោយស្វ័យប្រវត្តិតែម្តងដោយមិនចាំបាច់មានការពិចារណាអ្វីឡើយ។
ប្រទេសចិនបានកំណត់អាណត្តិមេដឹកនាំរបស់ខ្លួនតែត្រឹម ២អាណត្តិចាប់តាំងពីឆ្នាំ ១៩៩០មក ប៉ុន្តែប្រធានាធិបតីចិន ស៊ី ជីងពីង ដែលនឹងត្រូវចុះចេញពីតំណែងក្នុងឆ្នាំ ២០២៣ខាងមុខ មិនគោរពចំពោះការកំណត់នោះទេក្នុងការប្រគល់តំណែងដល់អ្នកបន្តវេន ក្នុងកំឡុងពេលធ្វើសន្និបាត់បក្សកុម្មុនិស្តកាលពីខែតុលាឆ្នាំមុនេះ។
ជំនួសមកវិញ លោក ស៊ី ជីងពីងបានបង្រួបបង្រួមអំណាចនយោបាយរបស់លោក ខណៈដែល គណបក្សបានបោះឆ្នោតដើម្បីដំកល់ឈ្មោះ និងមនោគមវិជ្ជានយោបាយរបស់លោកនៅក្នុងរដ្ឋធម្មនុញ្ញបក្ស ដែលធ្វើឲ្យលោកមានឋានៈស្មើនឹងស្ថាបិកបក្សកុម្មុនិស្ត ម៉ៅ សេតុង ៕ សុភ័ក្ត្រ