ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខានៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ក្នុងស្រុកកំពង់រោទិ៍ ២ ឃុំ គឺឃុំត្នោត ២ គ្រួសារ និងឃុំថ្មី ៣៧ គ្រួសារ សរុប ៣៩ គ្រួសារ (ក្នុងនោះរងគ្រោះធ្ងន់ចំនួន ១៤ គ្រួសារ មធ្យម ១៨ គ្រួសារ តិចតួច ៧ គ្រួសារ ) និងបានចូលរួម រំលែកទុក្ខក្រុមគ្រួសារស្លាប់ ដោយសារឆក់ខ្សែភ្លើង ១ នាក់ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មានបាន ។
ហេតុដូចនេះ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បី ជួយសម្រាលការលំបាក ទៅតាមស្ថានភាពរងគ្រោះជាក់ស្តែង របស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀម បង្ការផ្សេងៗទៀត ។

ជាមួយគ្នានេះលោកជំទាវ បានពាំនាំសេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការ ជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់យក ត្រូវរួមគ្នា ថែរក្សាសន្តិភាព រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និង ខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យម ៣២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) ថវិកា ៥០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់និងថវិកា ២០០,០០០ រៀល ។

សម្រាប់គ្រួសាររងគ្រោះស្រាល ៖ ៧ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៦០,០០០ រៀល សម្រាប់ទិញ សម្ភារជួសជុលផ្ទះឡើងវិញ ។ គ្រួសាររងគ្រោះដោយសាឆក់ខ្សែភ្លើងទទួលបាន៖អង្ករ ៥០ គ.ក្រ ទេយ្យទាន មួយឈុត ទឹកក្រូច ១ កេស ទឹកសុទ្ធ ១ កេស ថវិកា ១០០,០០០ រៀល ។ ដោយមានការអាណិតអាសូ ដល់គ្រួសាររងគ្រោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថម្ភដល់គ្រួសាររងគ្រោះទាំង ៣៩ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៥០,០០០ រៀល ឧបត្ថម្ភដល់គ្រួសារស្លាប់ដោយសារខ្សែភ្លើងឆក់ ថវិកា ៥០០,០០០ រៀល ។ តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពែក មី តំណាងក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា បន្ថែមដល់គ្រួសារ រងគ្រោះ ៣៩ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល ។លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរមានជីវភាពលំបាក ២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ស័ង្ឃសី ១៥ សន្លឹក ៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ


