ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសជាច្រើនលើពិភពលោក កំពុងតែរងការវាយប្រហារពីជំងឺកូវីដ១៩ ដែលធ្វើឱ្យមានអ្នកស្លាប់រាប់លាន់នាក់ ជាពិសេសសម្រាប់ប្រទេសឥណ្ឌា គឺមានតួលេខឆ្លង និងស្លាប់ច្រើនជាងគេទូទាំងពិភពលោក ដែលគួរឲ្យព្រួយបារម្ភជាខ្លាំង។

ស្ថានទូតថៃប្រចាំនៅក្រុងញូវដែលី បានស្នើឲ្យប្រជាជនថៃនៅឥណ្ឌា ជម្រើសដ៏ល្អ គឺគួរវិលត្រឡប់ ទៅស្រុកកំណើតវិញជាបន្ទាន់ ក្រោយពីបានមើលឃើញពីស្ថានភាព Covid-19 នៅទីនោះ កំពុងកើនឡើងយ៉ាងធ្ងន់ធ្ងរ។
ស្ថានទូតបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃច័ន្ទថា ជើងហោះហើរអាចមានសម្រាប់ជនជាតិថៃ ធ្វើដំណើរទៅប្រទេសថៃ នៅថ្ងៃទី៨ និង ១៥ ខែឧសភា។

ជើងហោះហើរដំបូងគឺ WE8074 របស់ Thai Smile (ចេញដំណើរពី Chennai ទៅ Bangkok)។ ហេតុនេះ អ្នកដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចាប់ពីថ្ងៃទី ៥ ឧសភានេះតទៅ។
ដោយឡែក ជើងហោះហើរមួយទៀតគឺ Air India AI332 (ពីញូដេលី ទៅកាន់បាងកក)។ អ្នកដែលមានចំណាប់អារម្មណ៍ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ អាចចុះឈ្មោះនៅទីនេះចាប់ពីថ្ងៃទី៧ ខែឧសភា។ ស្ថានទូតបានបន្ថែមថា នឹងមានជើងហោះហើរពិសេសពីទីក្រុងញូវដេលីនៅថ្ងៃទី ៥ ខែឧសភា។

ស្ថានទូតថៃបាននិយាយថា Covid-19 បានរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែមេសា ខណៈដែលទីកន្លែងវេជ្ជសាស្ត្រជាច្រើនត្រូវបានគ្របដណ្ដប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




