ស្ទឹងត្រែង ៖ បុរសកម្មករម្នាក់ជិះម៉ូតូបុកជាមួយរថយន្ដយីឌុបដឹកឥដ្ឋមួយគ្រឿង បណ្ដាលឲ្យរងរបួសជាទម្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ ៧៨Aស្ទឹងត្រែង-រតនគិរី ចម្ងាយពីចំណុចអូរពងមាន់ប្រហែល ១គីឡូម៉ែត្រ ដោយហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ យប់ថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២១។

របាយការណ៍បឋមរបស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រថយន្តដឹកឥដ្ឋបើកបរពីលិចទៅកើត មានផ្លាកលេខភ្នំពេញ3E3650។ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូភ្លាម អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រម៉ោល។
អ្នកបើកបងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ឈ្មោះម៉េង សុខុម អាយុ៣៤ឆ្នាំ ជាកម្មកររស់នៅចំណុចវាលរំពេរិ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បុរសនោះបើកម៉ូតូក្នុងទិសដៅពីកើត មកលិច ពេលជួបគ្រោះថ្នាក់ ត្រូវបានគេជួយសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មូលហេតុដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តដឹកឥដ្ឋ គេចស្ថានីយជញ្ជីងថ្លឹងរថយន្ដ ហើយត្រូវមន្ត្រីស្ថានីយជញ្ជីង ឃាត់យករថយន្តទៅថ្លឹងផាកពិន័យលើសទម្ងន់។ គាប់ជួនពេលកំពុងរថយន្តរេចុះឡើង កាត់ទទឹងផ្លូវបម្រុងទៅកន្លែងស្ថានីយ៍ជញ្ជីង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះមកដល់បណ្ដាលឱ្យគ្រោះថ្នាក់តែម្តង។
រថយន្តនិងម៉ូតូក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ:សុខុម



