ប្រទេសកាណាដាបានអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុ១២ឆ្នាំឡើងទៅ ហើយការអនុម័តនេះប្រទេសកាណាដាបាននឹងកំពុងក្លាយទៅជាប្រទេសដំបូងគេដែលធ្វើដូច្នេះ។
លោកស្រី Supriya Sharmaប្រធានទីប្រឹក្សាវេជ្ជសាស្ត្របានថ្លែងនៅក្នុងសន្និសីទកាសែតថា នេះគឺជាវ៉ាក់សាំងដំបូងគេដែលបានអនុញ្ញាតឱ្យប្រើសម្រាប់ក្នុងប្រទេសកាណាដាដើម្បីការពារជំងឺកូវីដ-១៩ចំពោះកុមារ និងក្លាយជាព្រឹត្តការណ៍យ៉ាងសំខាន់សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលមេរោគកូរ៉ូណានេះ។ លោកស្រីថា យើងគឺជាប្រទេសដំបូងក្នុងពិភពលោកដែលអនុញ្ញាត ឲ្យកុមារដែលមានអាយុ១២ឆ្នាំ ដល់១៥ឆ្នាំអាចទទួលបានវ៉ាក់សាំង Pfizer ។ លោកស្រីបន្ថែមថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សង្ឃឹមការអនុវត្តបែបនេះនាពេលឆាប់ៗ ក្រោយពេល ពិនិត្យមើលលទ្ធផលសាកល្បងដូចគ្នាដែលបានដាក់ដោយក្រុមហ៊ុនផលិតវ៉ាក់សាំង។
សហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរពីការអនុញ្ញាតឱ្យវ៉ាក់សាំង Pfizer-BioNTech ដើម្បីចាក់ជូនកុមារដែលមានអាយុ១២ ឆ្នាំដល់ ១៥ឆ្នាំនៅសប្តាហ៍បន្ទាប់។

បើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលកាណាដា បានបញ្ជាក់ថា ប្រទេសកាណាដាមិនទាន់មានករណីកូវីដ១៩ណាមួយត្រូវបានរាយការណ៍ថាកើតមានចំពោះក្មេងដែលបានចាក់វ៉ាក់សាំងរួចរាល់នៅឡើយទេ។ ក្នុងនោះ ក្មេងជំទង់ដែលបានចាក់វ៉ាក់សាំង Pfizer ត្រូវធ្លាប់បានបង្ហាញថា យ៉ាង ហោចណាស់៩០ភាគរយរបស់វ៉ាក់សាំង គឺមានប្រសិទ្ធភាពក្នុងការការពារការឆ្លងមេរោគបាន។
យ៉ាងណាមិញ ផលរំខានទូទៅខ្លាំងនៅពេលចាក់វ៉ាក់សាំង ដែលត្រូវបានគេរាយការណ៍នោះគឺមានដូចជា ឈឺដៃ ញាក់ឬក្តៅខ្លួន ក៏ត្រូវបានគេរកឃើញថាស្រដៀងនឹងអ្នកដែលមានវ័យចំណាស់ផងដែរ។ ក្នុងនោះ វ៉ាក់សាំង Pfizer-BioNTech បានអនុញ្ញាតនៅក្នុងខែធ្នូសម្រាប់ប្រើប្រាស់ចំពោះប្រជាពលរដ្ឋកាណាដា ដែលមានអាយុចន្លោះពី១៦ឆ្នាំឡើងទៅ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន បួនប្រភេទផ្សេងទៀតដែលត្រូវបានអនុញ្ញាតនៅក្នុងប្រទេសកាណាដា ហើយវ៉ាក់សាំងផ្សេងទៀតនោះរួមមាន ក្រុមហ៊ុន AstraZeneca, Johnson Johnson និង Moderna ដែលកំពុងធ្វើការរៀបចំផែនការសិក្សាផ្ទាល់ខ្លួន ចំពោះកុមារដែលមានអាយុ ៦ ខែផងដែរ។ លោកស្រី Sharma បាននិយាយថា ក្រសួងសុខាភិបាលកាណាដានឹងពន្លឿនការពិនិត្យមើលលទ្ធផលទាំងអស់នោះ។
យ៉ាងណាមិញ ខណៈពេលដែលមនុស្សវ័យក្មេង ហាក់ដូចមិនមានជំងឺធ្ងន់ធ្ងរណាមួយដែលកើតចេញពីជំងឺកូវីដ១៩ លោកស្រី Sharma បាននិយាយថា “ការទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធ ភាពនឹងជួយគ្រប់គ្រងការរីករាលដាលនៃជំងឺនេះទៅគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែលអ្នកខ្លះអាចមានផលវិបាកខ្ពស់” ។
លោកស្រីបាននិយាយថា“ វ៉ាក់សាំងនេះ ក៏នឹងគាំទ្រដល់ការវិលត្រឡប់ទៅរកជីវិតធម្មតាវិញសម្រាប់កូនៗរបស់យើងដែលជួបការលំបាកក្នុងឆ្នាំកន្លងមក” ។ មន្ត្រីកាណាដាបាននិយាយថា ហានិភ័យនៃការស្លាប់ពី កូវីដ១៩ គឺខ្ពស់ជាងលទ្ធភាពនៃការទទួលផលវិបាកនៃការចាក់ថ្នាំបង្ការ៕
ប្រភព៖ Yahoo News

