ភ្នំពេញ ៖ អស់ពីបំផ្លិចបំផ្លាញអ្នកស្រុកកំពង់ស្អឺ ខ្យល់កន្រ្តាក់ដ៏កំណាច បានបន្តមកវាយប្រហារនៅក្នុងទីក្រុងភ្នំពេញ ដោយបានបណ្តាលឲ្យទ្រព្យសម្បត្តិសាធារណៈជាច្រើនកន្លែង និងផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះជាក់ស្តែង ខ្យល់កន្ត្រាក់និងភ្លៀងមួយមេធំ កាលពីល្ងាចមិញនេះ (ថ្ងៃទី៦ ឧសភា) បានធ្វើឲ្យស្លាកប៉ាណូកាត់ទទឹងថ្នល់នៅចំណុចផ្លូវជាតិលេខ២ (ចុះពីស្ពានអាកាសក្បាលថ្នល់ ទៅចាក់អង្រែ) បានបាក់ធ្លាក់មកដល់ដីតែម្តង។ ហើយបើតាមព័ត៌មានបឋម គឺបណ្តាលឲ្យខូចខាតរថយន្ត និងម៉ូតូអស់ប៉ុន្មានគ្រឿងប៉ុណ្ណោះ។
ដោយឡែក នៅល្ងាចថ្ងៃដដែលនេះផងដែរ ខ្យល់កន្រ្តាក់ដ៏ក្លាំងក្លានេះ ក៏បានលេបត្របាក់ផ្ទះមួយខ្នងនៅជិតផ្សារដើមគរ ឲ្យប៉ើងដំបូលស័ង្កសីគ្មានសល់ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះឡើងខ្ទេចខ្ទីតែម្តង ដែលធ្វើឲ្យម្ចាស់ផ្ទះស្លុតចិត្តចង់គាំងបេះដូង។
នេះបើតាមគណនីហ្វេសប៊ុកស្រីស្អាត ផាន់ ណា ផាន់ ណា បានដកស្រង់រូបភាពពីឈ្មោះ Na Roth ដោយបានសរសេរៀបរាប់ទាំងហួសថ្លែងថា៖ «ចេញពីធ្វើការមកដល់ផ្ទះស្រាប់តែឃើញដំបូលផ្ទះស័ង្កសីប៉ើងនៅលើថ្នល់ លុះដល់ពេលចូលក្នុងផ្ទះស្លុតចិត្ត 2021ធ្ងន់ហួសប្រមាណ អ្នកណាយល់អារម្មណ៍នេះ ជិតផ្សារដើគរ 6/5/2021»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង