ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ តាមរយៈអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានមានប្រសាសន៍ថា អ្នករស់នៅរាជធានីភ្នំពេញអាចធ្វើដំណើរចេញទៅខេត្តបាន ហើយអ្នកខេត្តក៏អាចចូលមកភ្នំពេញវិញបានដែរ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ ដើម្បីបង្ការការចម្លងនៃវីរុសកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

ក្នុងនោះ លោកក៏បានបញ្ជាក់បន្ថែមថា អ្នកធ្វើដំណើរឆ្លងចេញចូលឆ្លងខេត្តនីមួយៗ គឺតម្រូវឱ្យយកសំណាក ឬ ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ជាកំហិត ជាដើម។ ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានីភ័យ ពោលគឺមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ឲ្យបានច្បាស់ថា តើបុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានីភ័យ។

សូមបញ្ជាក់ថា ការអាចធ្វើចរាចរណ៍បានធម្មតាឡើងវិញនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដោយសម្តេចបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយចាប់អនុវត្តពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ប៉ុន្តែ សម្រាប់តំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់ដដែល។

យ៉ាងណាមិញ ក្រោយរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើដំណើរឡើងវិញ គេសង្កេតឃើញថា ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ បានចាប់ផ្តើមកកស្ទះឡើងវិញ ដែលស្ទើរតែគ្រប់កន្លែងតែម្តង។ តែទោះយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា កុំភ្លេចខ្លួនឲ្យសោះ! គឺវិធានការ «៣ការពារ ៣កុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



