ចោរម្នាក់បានប្រគល់វ៉ាក់សាំង Covid-19 ចំនួនជាង ១៧០០ ដូស ដែលបានយកចេញពីមន្ទីរពេទ្យមួួយ ។ ហើយក្នុងនោះ រូបគេក៏បានភ្ជាប់មកជាមួយលិខិតមួយច្បាប់សរសេរថា “សុំទោសខ្ញុំពុំបានដឹងសោះ”។
ប៉ូលីស Rajender Singh បាននិយាយថា វ៉ាក់សាំង Covid-19 ចំនួន ១,៧១០ ដូស ត្រូវបានគេលួចពីមន្ទីរពេទ្យស៊ីវិលមួយកន្លែង នៅក្នុងស្រុក Jind នៃរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា។ ក្នុងនោះរួមមានថ្នាំ Oxford-Astra Zeneca ចំនួន ១,២៧០ ដូស ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និងថ្នាំ Covaxin ចំនួន ៤៤០ ដូស មកពី Bharat Biotech។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺវ៉ាក់សាំងទាំងអស់នោះត្រូវបានប្រគល់ឱ្យវិញនៅចុងខែមេសា ដោយភ្ជាប់ជាមួយលិខិតសុំទោសពីចោរ ដែលបានសរសេរនៅក្នុងនោះថា រូបគេពិតជាពុំដឹងថាវាជាវ៉ាក់សាំង Covid-19 នោះទេ។
ប៉ូលីសបាប់ទីភ្នាក់ងារសារព័ត៌មាន PTI ថា ការលួចនេះត្រូវបានដឹង គឺបន្ទាប់ពីបុគ្គលិកអនាម័យមន្ទីរពេទ្យ បានរកឃើញសោបន្ទប់ផ្ទុកវ៉ាក់សាំងត្រូវបានចាក់ចំហរ ហើយម៉ាស៊ីនបង្កកបានខូច។

ប៉ូលីស Rajender Singh បាននិយាយថា៖ “ចោរមិនបានប៉ះពាក់ថ្នាំណាមួយ ឬសាច់ប្រាក់ផ្សេងទៀតនៅក្នុងបន្ទប់ផ្ទុកទេ”។
ប៉ូលីសនិយាយថា ចោរបានទុកចោលវ៉ាក់សាំង Covid-19 ទាំងនោះ នៅហាងតែមួយកន្លែង ហើយបានប្រាប់បុរសម្នាក់នៅហាងនោះថា វាគឺជាអាហារសម្រាប់ប៉ូលីសទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



