Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកុំចាញ់កលគេ

ភ្នំពេញ ៖ ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្ដីពី ការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ សម្រាប់វិធានការបិទខ្ទប់នៅក្នុងតំបន់ទាំង៣ គឺតំបន់ក្រហម , តំបន់រឿងទុំ , និងតំបន់លឿង ព្រមទាំង សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មានជនឱកាសនិយមមួយចំនួន បានបង្កការរាំងស្ទះដល់ដំណើរការនៃការផ្តល់វ៉ាក់សាំង ឬចាក់វ៉ាក់សាំង តាមរយៈការបំផុសចលនាទាមទារវ៉ាក់សាំង ចេញពីតំបន់ក្រហមរហេតរហូត មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ក្រុមគ្រូពេទ្យ និងការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល, វិធានការ បម្រាម អនុក្រឹត្យសេចក្ដីសម្រេច និងច្បាប់របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីបងប្អូនប្រជាពលរដ្ឋ ហើយយើងទាំងអស់គ្នា ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ , ចូលរួមរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងវិធានការផ្សេងៗរបស់ថ្នាក់ដឹកនាំ ដើម្បីឲ្យដំណើរការនៃការ ការពារអាយុជីវិតប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងនេះ ប្រកបទៅដោយជោគជ័យ។

ជាពិសេសកម្មករ-កម្មការិនីទាំងអស់ សូមរង់ចាំទទួលការចាក់វ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ចៀសវាងការចាញ់កលគេ ទៅទិញលិខិតអញ្ជើញឬ ទៅដណ្តើមវ៉ាក់សាំងតាមការញុះញង់ អគតិរបស់ក្រុមជនឱកាសនិយម ធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម បានចំនួនជិត ៣០ម៉ឺននាក់ហើយ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា នឹងចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម រហូតដល់អស់មនុស្ស បើមិនអស់មនុស្សមិនដើរចេញជាដាច់ខាត និងបើតាមផែនការ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល គឺបានត្រៀម និងស្វែងរកវ៉ាក់សាំង ពី ប្រទេសជាមិត្ត-អន្តរជាតិ យ៉ាងហោចណាស់ជាង ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដែលគ្រប់អាយុ យ៉ាងហោចណាស់ ១០លាននាក់ ឱ្យរួចរាល់ក្នុងឆ្នាំ២០២២ខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×