ភ្នំពេញ ÷ ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ទៀតអង្គុយពីក្រោយ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកនឹងខឿនផ្លូវ រួចប៉ើងស្រ្តីរងគ្រោះ ទៅបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង៣០ នាទីយប់ថ្ងៃសុក្រទី៧ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពមានឈ្មោះ ខេម ម៉ាច ភេទស្រី អាយុ៦២ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញស្រ្តី២នាក់ជិះម៉ូតូ ម៉ាក fino មួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 1HQ 7007 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យខ្ទាតម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកឯស្រ្តីរងគ្រោះបានប៉ើង ទៅបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតដែលអង្គុយពីក្រោយគ្រាន់តែរងរបួសធ្ងន់។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វារ ចុះមកដល់រួចក៏បានឆែកកាមេរ៉ាសុវត្ថិភាព ដោយឃើញស្រ្តីរងគ្រោះជិះម៉ូតូទៅបុកនឹងខឿនផ្លូវស្លាប់ខ្លួនឯង ដោយមិនប៉ះពៀរជាមួយអ្នកដ៏ទៃ ក៏បានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត











