ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចឃុំខ្លួនអាជីវករផ្សារក្រោម ដែលគេចវេះពីការធ្វើចត្តាឡីស័ក បង្កការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ

សៀមរាប ៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជាអាជីវករលក់ដូរនៅផ្សារក្រោម ក្រុងសៀមរាបម្នាក់ឈ្មោះ អ៊ឹង ថៃលី ដែលបុរសរូបនេះ បានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ទៅដល់អ្នកដទៃ រហូតដល់ទៅ៧នាក់។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ឹង ថៃលី អាយុ២២ឆ្នាំ ត្រូវបាន សាលា ដំបូងខេត្តសៀមរាប ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តី ពីការទប់ ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ដើមចមដែលនាំឲ្យមានកាចាត់វិធានការច្បាប់លើបុរសរូបនេះ គឺកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបិទហាងកាហ្វេលឹង្គ១០០០ជាបណ្តោះអាសន្ន ដោយសារតែនៅទីនោះ មានពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការបិទនេះ អាជ្ញាធរខេត្តបានអំពាវនាវឲ្យប្រជា ពលរដ្ឋ ដែលមានទំនាក់ទំនងទីតាំងនោះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រួសរាន់ឲ្យគ្រូពេទ្យធ្វើ វិភាគ សំណាករកមេរោគកូវីដ-១៩ នៅសាលាគរុកោសល្យខេត្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ។

ជនសង្ស័យឈ្មោះ អ៊ឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ជាអាជីករនៅផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាបុគ្គល ម្នាក់រូបធ្លាប់បានចេញចូលហាងកាហ្វេ ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩នោះ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ក៏មានមិត្តភ័ក្រ្តរបស់ អ៊ឹង ថៃលី ផងដែរ។ បើទោះជាខ្លួនបានទទួលព័ត៌មាននេះ ជនសង្ស័យ នៅតែបន្តទៅលក់ដូរនៅ ផ្សារក្រោមជាធម្មតា និងបានទៅកន្លែងផ្សេងទៀត មិនខ្វល់អំពីការឆ្លង និងការចម្លងអ្វីទាំងអស់ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ទើបក្រុមការងារស្រាវជ្រាវរកឃើញ និងបញ្ជូន ថៃលី ទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុ កោសល្យ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលថា បុគ្គល អ៊ឹង ថៃលី វិជ្ជមានកូវីដ-១៩ ។ អំពើគេចវេះនេះ បានបណ្តាលឲ្យមានការចម្លងបន្តចំនួន០៧នាក់ផ្សេងទៀត ក្នុងសហគមន៍ ដែលជាអាជីវករលក់ដូរ នៅផ្សារក្រោមជាមួយគ្នា។

បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យ អ៊ឹង ថៃលី ត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវធ្វើវិភាគវត្ថុសំណាកម្តងទៀត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយ ពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ឈ្មោះអ៊ឹង ថៃលី ទៅសាលាដំបូងខេត្តសៀមរាប ហើយក៏ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្នតែម្តង៕
រក្សាសិទ្ធិដោយ៖CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម