ភ្នំពេញ ៖ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ពេជ ចន្ទមុន្នី បានជម្រាបប្រាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា មកទល់ថ្ងៃនេះ អ្នកជំងឺដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យ៥ទីតាំងធំៗ គឺមានចំនួន ៥,៦២៨ នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយមានចំនួនសរុប ២,៣១០ នាក់។

ទីតាំងមន្ទីរពេទ្យទាំង៥ ដែលមានទាំងកម្រិតធ្ងន់ និងស្រាល សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ រួមមាន៖ ទី១. Great Duke, ទី២. មន្ទីរពេទ្យហ្លួងម៉ែ, ទី៣. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី១, ទី៤. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី២ និងទី៥. មណ្ឌលព្យាបាលកូវីត១៩ កម្រិតស្រាលទួលពង្រ។

ជាមួយគ្នានេះផងដែរ លោកជំទាវ ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាដំបូង ទៅដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ និងក៏ដូចក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការព្យាបាល និងមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងព្រមទាំងអរគុណទៅដល់ កំលាំងប្រដាប់អាវុធទាំងអស់ដែលបានជួយសហការណ៍គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមិនគិតពីភាពនឿយហត់ រហូតមកដល់ដំណាក់កាលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










