ស្ត្រីម្នាក់នៅរដ្ឋ Utah (សហរដ្ឋអាមេរិក) បានធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ខណៈនាងស្រាប់តែឈឺពោះសម្រាលកូនភ្លាមៗ នៅលើយន្តហោះដែលកំពុងហោះហើរនៅលើអាកាស។
ស្រ្តីម្នាក់ឈ្មោះ Lavinia Mounga បាននិយាយថា នាងមិនបានរំពឹងថា នឹងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរពីស្រុកកំណើតរបស់នាង Salt Lake នៅក្នុងរដ្ឋ Utah ទៅកាន់ហាវ៉ៃ (សហរដ្ឋអាមេរិក) នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីទី២៨ ខែមេសា កន្លងទៅនេះ ដោយនៅពេលនោះ Mounga ត្រូវបានគេនាំយកទៅកណ្តាលយន្តហោះ ហើយបន្ទាប់មក នាងសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាព មុនពេលយន្តហោះចុះចត។
Mounga បាននិយាយថា នាងពុំបានដឹងថា នាងមានផ្ទៃពោះ និងបានសម្រាលកូនក្នុងរយៈពេលត្រឹមតែ២៩ សប្តាហ៍ បែបនេះនោះទេ។ Mounga បានដាក់ឈ្មោះកូនថា Raymond Kaimana Wade Kobe Lavaki Mounga។

នៅក្នុងវីដេអូ គេបានលឺសេចក្តីប្រកាសមួយ ត្រូវបានធ្វើឡើងនៅលើជើងហោះហើរ ដោយបានបញ្ជាក់ថា ទារកបានកើតហើយ ខណៈបន្ទាប់មកមនុស្សម្នានៅលើនោះ ក៏បាននាំគ្នាទះដៃនិងស្រែកអបអរ។ មួយសន្ទុះក្រោយមក ក្រុមអាកាសយានិកបានស្នើឱ្យអ្នកដំណើរអង្គុយនៅនឹងកន្លែង ព្រោះម្តាយ និងទារកត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។ ជាសំណាងល្អ មានគិលានុបដ្ឋាយិកា និងឆ្មបនៅលើយន្តហោះ។
Mounga ត្រូវបានយកចេញពីលើយន្តហោះ នៅក្នុងរទេះរុញ ខណៈអ្នកដំណើរទាំងអស់បានទះដៃអបអរសាទរ។ បន្ទាប់មក ម្តាយ និងកូនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Honolulu រដ្ឋ Hawaii ជាកន្លែងដែលពួកគេត្រូវទទួលការពិនិត្យសុខភាពជាច្រើន។
វីដេអូនេះ ត្រូវបានចែកចាយដំបូងនៅលើ TikTok ហើយបន្ទាប់មក ក៏ត្រូវបានចែកចាយនៅលើបណ្តាញសង្គមផ្សេងទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@juliabernice It’s the ‘baby being born while we’re above the Pacific Ocean’ for me
♬ original sound – Julia Hansen





