Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន នៅព្រឹកនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១សមត្ថកិច្ចបរិស្ថាន បានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ និងជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តវិធានការច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមជម្រាបជូន បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ឲ្យបានជ្រាបថា ក្រោយពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការ បង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថានភាពនៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ មានសកម្មភាពបទល្មើសកាប់គាស់ ដុត ឆ្ការ រុករាន ឈូសឆាយ ទន្ទ្រានដីព្រៃ រំលំដើមឈើ ដាំដំណាំ បោះជំរំសង់ជាខ្ទម និង បោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃក្នុងបំណងកាន់កាប់ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ហើយត្រូវបានមន្ត្រី ឧទ្យានុរក្ស និងកងកម្លាំងប្រដាប់អាវុធចុះអនុវត្តវិធានការទប់ស្កាត់បានជាបន្តបន្ទាប់ ហើយចាប់ឃាត់ខ្លួនជនប្រព្រឹត្ត កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះទៅទប់ស្កាត់ និងបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃមួយ កន្លែងនៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិសាស្ត្រភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្ស ជីវៈចម្រុះឦសាន ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅនឹងកន្លែងកើតហេតុយកទៅសាកសួរនៅមន្ទីរ បរិស្ថានខេត្ត រួមជាមួយវត្ថុតាងគ្រឿងចក្រចំនួន៣គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដោយខុសច្បាប់ នៅ ព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោយសាកសួរជនសង្ស័យទាំង២នាក់រួច សមត្ថកិច្ចបានឈានទៅ បន្តសាកសួរមនុស្សម្នាក់បន្ថែមទៀតជាម្ចាស់គ្រឿងចក្រ រួចត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នសរុបទាំង៣នាក់ ដើម្បីបន្ត នីតិវិធីស៊ើបអង្កេតបឋម។

ក្រោយពីសាកសួរមនុស្សទាំង៣នាក់ ដែលជាប់សង្ស័យខាងលើនេះ រួចមក នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ សមត្ថកិច្ចបរិស្ថានបានសម្របសម្រួលនិងស្នើសុំបន្តកិច្ចនីតិវិធីទៅ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មណ្ឌលគិរី ក្នុងដំណាក់កាលនគរបាលយុត្តិធម៌ ដើម្បីកោះហៅអ្នកពាក់ព័ន្ធដទៃទៀត ឲ្យចូលខ្លួនមកសាកសួរស្ដាប់ចម្លើយ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី វេលាម៉ោង៩ព្រឹក និងវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ជាកំហិត អំពីដំណើររឿងនៃអង្គហេតុ ហើយក្នុងករណីមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច ព្រះរាជអាជ្ញា នឹងចេញដីកា បញ្ហាឲ្យចូលខ្លួនតាមនីតិវិធី។ បច្ចុប្បន្នមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ចប់ការស៊ើបអង្កេតបឋម ហើយផ្អែកលើអង្គហេតុ និងអង្គច្បាប់ សមត្ថកិច្ចបរិស្ថានបានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ និងជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន១គ្រឿង, អាល់ប៊ុល ម៉ាក CAT D5 ចំនួន១គ្រឿង, អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន២គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង យករក្សាទុកបណ្ដោះនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×