Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា សោកស្តាយដែលអ្នករាយការណ៍ពិសេស អ.ស.ប គាំទ្រអង្គការខុសច្បាប់មួយ បន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថាន

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី និងគួរឱ្យសោកស្តាយដែលអ្នករាយការណ៍ពិសេសរូបនោះ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍បានបន្តថា ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor មានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួន ដូចតទៅ៖

ទី១៖ កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេច សុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧ រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះ នៅតែបន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិ ពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។

ទី២៖ លោកស្រីសាស្រ្តាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះរឹតតែជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សានិងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹង តែជាទង្វើររុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។

ទី៣៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ។ ម៉្យាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌ លើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមកផងដែរ។

ទី៤៖ ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យរដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្នើនឹងការវាយប្រហារ ទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ទី៥៖ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់តាម “ក្រមប្រតិបត្តិ” និង”សៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ដែលគូសបញ្ជាក់អំពីសារៈសំខាន់ នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែក បន្តរក្សានូវទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ ជាមួយអ្នករាយការណ៍ពិសេស។

ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជាបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×