ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅរសៀលថ្ងៃទី០៨ ខែឧសភានេះថា រយៈពេល ១២៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៩៣៩លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥៣៦នាក់ និងរបួសចំនួន ១៣១៥នាក់ ក្នុងនោះធ្ងន់ចំនួន៧៧៣នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៥នាក់ និងរបួស ៣នាក់ ក្នុងនោះធ្ងន់ចំនួន ២នាក់ និងស្រាល ១នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១២៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៧២៨៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៦៦៧៩គ្រឿង និងរថយន្តចំនួន ២០៦០៩គ្រឿង ក្នុងនោះរថយន្តតូច ១៦០៥២គ្រឿង និងធំ ៤៥៥៧គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ







