ភ្នំពេញ ៖ នេះជាករណីអំពើចោរកម្មដ៏ហ៊ានខ្លាំងណាស់ ដែលចោរ២នាក់ បើទោះជាការរឹតបន្តឹងការធ្វើដំណើរចេញចូល ក្នុងអំឡុងពេលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅបន្តបិទខ្ទប់យ៉ាងណាក៏ដោយ ក៏ពួកគេអាចបើករ៉ឺម៉ក ចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចសោះឡើយ។ ប៉ុន្តែ ព្រោះតែគ្មានសំណាង ពួកគេពុំអាចលួចម៉ូតូ២គ្រឿងរបស់ម្ចាស់ផ្ទះបានសម្រេច ដោយសារតែម្ចាស់ផ្ទះចេញមកទាន់ពេលវេលា ធ្វើឲ្យពួកគេបើករ៉ឺម៉ករត់ទាំងភ័យស្លន់ស្លោ បណ្តាលឲ្យធ្លាក់ម៉ូតូទាំង២គ្រឿងចេញវិញតែម្តង។

នេះបើតាមម្ចាស់ម៉ូតូដែលមានគណនីហ្វេសប៊ុកឈ្មោះ Virak បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព និងរៀបរាប់ទាំងហួសចិត្តថា៖ «នេះជាសកម្មភាពគង់ហ៊ាន២នាក់សម័យកូវីដ (ពួកចោរ) ដែលបានធ្វេីសកម្មភាពចូលលួចម៉ូតូ តែមិនបានសម្រេច នៅយប់ថ្ងៃច័ន្ទទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំងភូមិសាស្ត្រនៅ ភូមិស្លែងរលេីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយះវីដេអូនេះ ក្នុងនាមខ្ញុំជាម្ចាស់វត្ថុតាង(ម៉ូតូ២គ្រឿង)ដែលពួកចោរប៉ុនប៉ងលួចមិនបានសម្រេច សូមគោរពជូនអជ្ញាធរមានសមត្ថកិច្ច ទាំងអស់ តាមរយៈកម្មវិធីភូមិឃុំសុវត្ថិភាព សូមជួយស្រាវជ្រាវក៏ដូចជាស៊េីបអង្កេត ចាត់វិធានការ ស្វែងរកជនដៃដល់ រឺជន ប្រព្រឹត្ត បទល្មើស ដែលមានភិនភាគដូចវីដេអូខាងក្រោមដែលខ្ញុំបាទបានបង្អោះ ។ ស្ថិតក្រោមដំណាក់កាលបម្រាមគោចរហេីយពួកវាបានធ្វេីសកម្មភាព ដេីរលួចរបស់ទ្រព្យរបស់ ប្រជាពលរដ្ឋដោយមិនខ្លាចញរញេីត កោតក្រែងអជ្ញាធរក្នុងដែនសមត្ថកិច្ចសោះ ដូចច្នេះសូមអោយអាជ្ញាធរគ្រប់តំបន់មេត្តាយកចិត្តទុកដាក់លេីករណីទាំងឡាយណាដែលផ្ទុយពីច្បាប់ ស្របពេលដែលប្រជាពលរដ្ឋនៅតំបន់ដែលត្រូវអនុវត្តបម្រាមមិនអាចល្មេីសរបស់បម្រាមរបស់រាជរដ្ឋាភិបាល គឺមានតែអជ្ញាធរមានសមត្ថកិច្ចទេទេីបអាចធ្វេីជាភ្នែក ជាច្រមុះរបស់ប្រជាពលរដ្ឋបាន។ ជាចុងក្រោយ សូមអោយពុកម៉ែបងប្អូនយេីងទាំងអស់ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ហេីយតស៊ូទាំងអស់គ្នា ដេីម្បីឆ្លងផុតពីដំណាក់កាលដ៏លំបាកនេះ។ សូមអរគុណ»៕រក្សាសិទ្ធិដោយ៖លឹមហុង









