ភ្នំពេញ ៖ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាពិសេស ក្នុងរយៈពេលចុងក្រោយនៃការបិទខ្ទប់រាជធានីភ្នំពេញ នោះការស្វែងរកពេទ្យព្យាបាលជំងឺ គឺជារឿងដ៏ពិបាកវេទនាខ្លាំងណាស់ ព្រោះថាមន្ទីរពេទ្យភាគច្រើន គឺត្រូវបានបិទទ្វារតែម្តង ខណៈមន្ទីរពេទ្យខ្លះនៅតែបើកទ្វាទទួលសេវា ប៉ុន្តែ ហាក់មានការរើសអើង ឬ ភ័យខ្លាចចំពោះអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពគួរឲ្យសង្ស័យ។ ជាក់ស្តែង ដូចជាមន្ទីរពេទ្យល្បីៗឈ្មោះ ក្នុងស្រុកខ្មែរមួយចំនួន កាលពីពេលកន្លងទៅនេះ បានរងការរិះគន់យ៉ាងចាស់ៗ ដៃពីសំណាក់មហាជន ព្រោះតែមិនទទួលអ្នកជំងឺដែលមកសុំការជួយសង្គ្រោះបន្ទាន់ឡើយ ដោយទុកឲ្យអ្នកជំងឺដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម។ បញ្ហានេះ គេក៏មិនដឹងថា តើមកពីមូលហេតុខ្លាចជ្រុល ឬយ៉ាងណានោះទេ!?។

ជាក់ស្តែង ករណីដ៏ហួសចិត្ត និងមិននឹកស្មានដល់នេះ បានកើតឡើងមកលើនារីម្នាក់ដែលសឹងតែប៊ិះស្លាប់ ព្រោះតែមន្ទីរពេទ្យជាច្រើន បដិសេធទទួលព្យាបាល ដោយដំបូង នាងចូលទៅពេទ្យរដ្ឋ គេថាមានអ្នកជំងឺពេញ លុះចូលពេទ្យឯកជនគេថា ស្អែកទើបបើកទទួលព្យាបាល…. ប៉ុន្តែ សំណាងល្អ ចុងក្រោយ នាងបានជួបផ្ទះពេទ្យចិត្តធម៌មួយកន្លែង ទទួលព្យាបាលនាងដោយមិនខ្វល់ថាកើតជំងឺអ្វីនោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Duong Pkay បានចែករំលែកនូវបទពិសោធន៍ដ៏ឈឺចាប់នេះ ដោយរៀបរាប់យ៉ាងវែងអន្លាយថា៖ «សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផង កុំឲ្យជួបដូចខ្ញុំ កេីតជំងឺកូវីដមានពេទ្យមកយកដល់ផ្ទះ មេីលថែរក្សាអ្នកជំងឺជាសះស្បេីយ តែបេីឈឺជំងឺផ្សេងខុសពីកូវិដគឺដឹងតែស្លាប់ហេីយ ពេទ្យអត់ទទួលទេ ខ្ញុំខ្យល់អត់បានគេង២ថ្ងៃ អស់កម្លាំង ញ័រខ្លួន ពិបាកដកដង្ហើម ភ្លាម ៗខ្ញុំក៏កោសខ្យល់ប្រហែល២ម៉ោងនៅតែមិនធូរ ក៏ដាច់ចិត្តទៅរកពេទ្យដេីម្បីព្យាបាល តែលទ្ធផលទទួលបាន គឺជាការខកចិត្តហេីយប៊ិះត្រូវអស់ជីវិត ដោយមិនមានឱកាស មកចែករំលែកប្រាប់ដល់បងប្អូនដឹងទេ។

ដំបូង ចូលពេទ្យរដ្ឋ ពេទ្យមិនទទួលថាអ្នកជំងឺពេញហេីយ ទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំសុំតែខ្យល់អុកសុីហ្សែន ដេីម្បីរស់ក៏មិនឲ្យ គឺនិយាយតែមួយម៉ាត់ថាមិនទទួល ទៅរកពេទ្យផ្សេងទៅ ខ្ញុំក៏ចេញ ហេីយបន្តទៅរកពេទ្យឯកជន ហេីយពេទ្យប្រាប់ថាមិនបេីកព្យាបាលទេ ស្អែកបានបេីកទាំងដែលនៅក្នុងពេទ្យ បេីកភ្លេីងឡេីងភ្លឺ ហេីយនៅខាងមុខពេទ្យមានឡាន ៤-៥ គ្រឿងទៀត ខ្ញុំក៏ចេញទៅ រកពេទ្យនៅម្តុំក្បាលថ្នល់ទៀត តែលទ្ធផលគឺនៅតែពេទ្យមិនទទួល ខ្ញុំលេីកដៃសំពះសុំឲ្យជួយ ព្រោះទ្រាំទៀតលែងបានហេីយ ក៏ពេទ្យមិនព្រមហេីយនិយាយថា បេីយកថ្នាំទៅលេបបានតែបេីចូលព្យាបាល គឺអត់បានទេ សួរថាឲ្យខ្ញុំលេបថ្នាំមិច? បេីដង្ហេីមខ្ញុំដកលែងចង់បានហេីយហ្នឹង ដៃជេីងក៏ស្ពឹកលែងដឹងមុខមាត់ និងខ្លួនស្លេកលែងមានឈាម តេីត្រូវលេបថ្នាំកេីតដែរ? ខ្ញុំក៏ចេញរកពេទ្យបន្ត ហេីយនៅតែពេទ្យនិយាយដដែល គឺមិនទទួលហេីយដេញចេញទៀត។

ចុងក្រោយ ខ្ញុំបានទៅ ដល់ពេទ្យមួយនៅផ្លូវ២៧១ គាត់ព្រមទទួលព្យាបាល គាត់មិនខ្វល់ថា ខ្ញុំមកពីតំបន់ណា ឬមានជំងឺអ្វី គាត់ដាក់អុកស៊ីហ្សែន និងមេីលឈាមខ្ញុំត្រឹមត្រូវ តែអ្វីដែលនឹកស្មានមិនដល់ គឺដាច់ភ្លេីងទៀត ខ្ញុំគិតថា ជីវិតខ្ញុំ ប្រហែលចប់ត្រឹមពេលហ្នឹងហេីយ បេះដូងចាប់ផ្តើមលែងចង់ដេីរ អារម្មណ៍ក៏ររេីរវាយ តែខំប្រាប់ខ្លួនឯងថាមិនអីទេ ត្រូវតែស៊ូឲ្យបាន ទោះសល់ដង្ហេីមចុងក្រោយក៏ត្រូវតែទ្រាំ ទុក្ខលំបាកជាច្រេីនខ្ញុំនៅអាចឆ្លងផុត ចុះហេតុអីពេលនេះខ្ញុំឆ្លងមិនផុត ទីបំផុតភ្លេីងក៏ភ្លឺវិញ ជីវិតខ្ញុំក៏ឆ្លងផុតមកដល់ពេលនេះ ផ្តាំទៅមនុស្សទាំងអស់គ្នាត្រូវសាងអំពេីល្អ ទោះមានរឿងអ្វីកេីតឡេីងក៏យេីងអាចឆ្លងផុតដែរ ហេីយក៏អរគុណបងៗ ដែលជួយមេីលថែ និងតស៊ូជូនខ្ញុំរកពេទ្យ ដេីម្បីព្យាបាលឲ្យជា អរគុណដល់ពេទ្យនៅផ្លូវ២៧១ ផ្ទះ លេខ ២០៦ សង្កាត់ផ្សារដើមថ្កូវ ដែលមានឈ្មោះ ថា (ហេង ប្រិយ ) ដែលផ្តល់ជីវិតថ្មីមកឲ្យខ្ញុំវិញម្តងទៀត ហេីយថ្លៃ ព្យាបាលក៏មិនយកថ្លៃ។ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




