ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅជាប់នឹងព្រៃឡង់ ខេត្តស្ទឹងត្រែង រិះគន់ថា មន្ត្រីបរិស្ថានចុះអនុវត្តច្បាប់ប្រើសិទ្ធិអំណាច សម្លុតគំរាមបាញ់និងចាប់ដាក់គុក មកលើពួកគាត់ធ្វើឲ្យមានការភ័យខ្លាច។ វិធីដោះស្រាយបែបនេះ បានកើតឡើងរាប់មិនអស់ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
លោក គង់ ថាប្រជាពលរដ្ឋនៅភូមិ អូរ ឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និយាយថា លោកមិនពេញចិត្តចំពោះទង្វើរ របស់មន្ត្រីការពារព្រៃឡង់នោះឡើយ ដោយសារតែខាងបរិស្ថាន ប្រើសិទ្ធិអំណាចគៀប សង្កត់ហាមឃាត់ មិនឱ្យលោកធ្វើរបងព័ទ្ធព្រៃ នៅខាងក្រោយភូមិដើម្បីចិញ្ចឹមគោ-ក្របី។

អ្នកស្រី សាយ រ៉ា រស់នៅភូមិកំពង់ប៉ាង ឃុំកាំងចាម បានរៀបរាប់ផងដែរថា ក្រុមគ្រួសារគាត់ទៅរើសចន្ទីនៅចម្ការត្រូវ មន្ត្រីបរិស្ថានដេញបាញ់។ ក្រោយពីហេតុការណ៍កើតឡើងគ្រួសារអ្នកស្រី ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅសមាគមអាដហុកខេត្តស្ទឹងត្រែង សុំឲ្យជួយរកយុត្តិធម៌។
ពលរដ្ឋបានលើកឡើងទៀតថា មន្ត្រីបរិស្ថានតែងតែប្រើវិធីសម្លុតគំរាមអ្នកកាប់ចម្ការ និងដឹកឈើទារលុយជាថ្នូរ និងការមិនបង្ក្រាប។ មួយគ្រួសារក៏ធ្លាប់ត្រូវបានមន្ត្រីបរិស្ថាន ជំរិតទារប្រាក់ជាច្រើនលានរៀល ហើយគ្រួសារនោះ បានប្ដឹងដល់លោកអភិបាលខេត្តស្ទឹងត្រែង ជួយដោះស្រាយទៀតផង។

លោក ទុំ សារុំ មេឃុំសៀមបូក ជាប់នឹងតំបន់ព្រៃឡង់ បាននិយាយថា ប្រជាពលរដ្ឋរួមទាំងរូបលោក ក៏មិនដឹងថាព្រៃណាដែលជាកន្លែងអភិរក្ស របស់ខាងមន្ត្រីបរិស្ថានដែរ។ ពេលប្រជាពលរដ្ឋចូលទៅព្រៃរកអនុផល ធនធានធម្មជាតិ ឬក៏ធ្វើចម្ការតែងតែប៉ះទង្គិច ជាមួយបរិស្ថានមានការប្ដឹងផ្ដល់ជាច្រើនករណី។
បន្ថែមពីនេះ លោកមេឃុំថា ប្រជាពលរដ្ឋចង់បានឈើធ្វើផ្ទះ ស្នើសុំច្បាប់ភូមិឃុំនិងមន្ត្រីបរិស្ថាន ដើម្បីចូលព្រៃអាឈើ។ តែពេលដាក់លិខិតស្នើសុំទៅដល់មន្ត្រីបរិស្ថាន បែរជាបាត់ដំណឹងសូន្យ។ លុះពេលប្រជាពលរដ្ឋរង់ចាំយូរពេក និងមិនយល់ច្បាប់ទម្លាប់ផង ក៏នាំគ្នាចូលព្រៃអាឈើដឹកយកមកធ្វើផ្ទះ ហើយត្រូវមន្ត្រីបរិស្ថានល្បាតជួប នឹងត្រូវចាប់ចងឬក៏ពិន័យជាប្រាក់ជាដើម។

លោក ឃីម សុខា មេឃុំកាំងចាម បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋរបស់លោកក៏ជួបប្រទះ ជាមួយមន្ត្រីបរិស្ថានផងដែរ ខណៈពេលប្រជាពលរដ្ឋមួយចំនួន ពិតជាបានចូលទៅកាប់ព្រៃធ្វើចម្ការ ក្នុងដែនអភិរក្សរបស់ដែនជម្រកសត្វព្រៃព្រៃឡង់។ លោកថា ករណីខាងលើនេះ បានកើតឡើងជាបន្តបន្ទាប់ ត្រូវបានដោះស្រាយ។
លោក ម៉ម ដារា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃឡង់ បានប្រាប់អ្នកសារព័ត៌មានថា លោកធ្វើតាមច្បាប់ ច្បាប់មិនត្រូវយោគយល់ទេ។ រឿងមួយគ្រួសារ នៅភូមិអូឡង់ធ្វើរបងហ៊ុព័ទ្ធព្រៃ មានជម្លោះជាមួយមន្ត្រីបរិស្ថាននោះ លោកធ្លាប់ឲ្យពួកគាត់ធ្វើកិច្ចសន្យា ហើយនៅតែប្រព្រឹត្តដដែល។ រឿងនេះលោកនឹងកសាងសំណុំរឿង ប្តឹងទៅតុលាការ ពីបទរារាំងមន្ត្រីជំនាញ៕ រក្សាសិទ្ធិដោយ៖សំណាង







