ភ្នំពេញ ÷ រថយន្តកូរ៉េដឹកសុីម៉ងត៍មួយគ្រឿងបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យ រួចបត់ចុះក្រោមវិញក៏វ៉ាក់អើជាមួយម៉ូតូមួយគ្រឿង ជិះបញ្រ្ចាសទិសបានបួងចង្កូតគេច ស្រាប់តែដាច់ហ្រ្វាំងជ្រុលទៅបុកបង្កាប់ដៃស្ពាន បាក់មួយផ្ទាំងសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៣និង ៥០នាទីល្ងាច ថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១ ចំណុចក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីតៃកុងរថយន្ត បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ខ្លួននិងនាក់រួមដំណើរជាមួយ៣នាក់ទៀត បានបើករថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ 3-C 6118 ចេញពីដាក់សុីម៉ងត៍ឲ្យម៉ូយ នៅជិតនិងរង្វង់មូលផ្សាដើមថ្កូវ ពេលដាក់រួចក៏បានបើកត្រឡប់មកវិញ តាមបណ្តោយផ្លូវ២៧១ ឡើងលើស្ពានអាកាសស្ទឹងមានជ័យ គោលបំណងត្រឡប់នៅក្រុមហ៊ុន ខណៈមកដល់ចំណុចកើតហេតុ បានបទចូលក្រោមស្ពានបម្រុងនិងឡើងទៅផ្លូវ២១៧ ស្រាប់តែវ៉ាក់អើជាមួយម៉ូតូមួយគ្រឿង មិនចាំម៉ាកបានជិះបញ្រ្ចាសទិសរួចបានបួងចង្កូត ដាច់ហ្រ្វាំងជ្រុលទៅបុកនិងបង្កាន់ដៃស្ពាន បាក់មួយផ្ទាំង តែសំណាងល្អដែលមិនប៉ះពាល់ ទៅលើប្រជាពលរដ្ឋណាមួយឡើយ រងការខូចខាតតែរថយន្តនិងបង្កាន់ដៃស្ពាន។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យឃើញថាប៉ះពាល់ជាមួយនឹងទ្រព្យសម្បត្តិរដ្ឋ ក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត




