ភ្នំពេញ ÷ យុវជន២នាក់បានជិះម៉ូតូទ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តដឹកខ្សាច់ ពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ១ ចំណុចជិតវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

អ្នករងរបួសធ្ងន់មានឈ្មោះសីហា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរជាកម្មករសំណង់ នៅក្នុងបុរីប៉េងហ៊ួត ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ត្បូងឃ្មុំ 3-A 1227 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមសង់សេ១២៤ ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1G 3432 ជិះដោយយុវជន២នាក់ ធ្វើដំណើរស្របទិសពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកខ្សាច់ពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯម៉ូតូជនរងគ្រោះ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត





