ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ដោយពិនិត្យឃើញថា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៨ នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ។
ប្រភពដដែលបានបន្តថា ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត គឺមកពីសមុទ្រចិនខាងត្បូង។ ឥទ្ធិពលរបស់ខ្យល់ខាងលើ នឹងបង្កឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៥ ដល់ទី ២២ នៅតាមបណ្តាខណ្ឌ ស្រុក ក្រុងមួយចំនួននៃរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ។ បណ្តារាជធានី ខេត្តដែលមានភ្លៀងកក់ខែ សីតុណ្ហភាពអតិបរមា នឹងថយចុះមកនៅក្នុងរង្វង់ ៣៣ ឬ ៣៤ អង្សាសេ ឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអតិបរមានឹងស្ថិតក្នុងរង្វង់ ៣៥ ឬ ៣៦ អង្សាសេ។
ក្រសួងធនធានទឹក ក៏បានប្រកាសថា នៅក្រុងព្រះសីហនុ នាព្រឹកព្រលឹមថ្ងៃទី១៣ ខែមីនា នេះ បានទទួលភ្លៀងកក់ខែមួយមេធំ រយៈពេលប្រមាណ ៣០ នាទី គឺចាប់តាំងពីម៉ោង ៦ ដល់ម៉ោង ៦ និង ៣០ នាទី ។ ពេលនេះ ភ្លៀងនៅបន្តរលឹមស្រិចៗនៅឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ