ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅពញរឹកថ្ងៃទី១០ ខែឧសភានេះថា រយៈពេល ១២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៩៥១លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥៤៣នាក់ និងរបួសចំនួន ១៣២៨នាក់ ក្នុងនោះធ្ងន់ចំនួន៧៨៣នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ១២លើក ស្លាប់ ៧នាក់ និងរបួស ១៣នាក់ ក្នុងនោះធ្ងន់ចំនួន ១០នាក់ និងស្រាល ៣នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៧៥៩៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៦៨៤៧គ្រឿង និងរថយន្តចំនួន ២០៧៤៩គ្រឿង ក្នុងនោះរថយន្តតូច ១៦១៤៣គ្រឿង និងធំ ៤៦០៦គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ








