ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រហែលជាបានទទួលជ្រាបហើយ ពីដំណឹងដ៏គួរឲ្យអាណិតមួយ ខណៈដែលតារាកំប្លែងដ៏មានប្រជាប្រិយភាពមាឌតូចល្អិត លោក ទេស សុផន (ហៅនាយក្រិន) បានធ្លាក់ខ្លួនឈឺធ្ងន់ដែលត្រូវបានដឹងថាដោយសារជំងឺពោះវៀនធំធ្លាក់ចូលប្លោកនោម និងពេលនេះកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំខេត្តបាត់ដំបង។

ក្រោយពីបានទទួលដំណឹងនេះ មហាជន និងអ្នកគាំទ្រ ពិតមានក្តីអាណិតអាសូរដល់នាយក្រិនជាខ្លាំង ព្រោះថា មួយរយៈពេលចុងក្រោយនេះ លោកបានធ្លាក់ក្នុងជីវិតដ៏លំបាកវេទនាពេកហើយ ពោលគឺក្រោយប្រពន្ធទី២បានផិតក្បត់ ចុះចោល បន្យល់ទុក៣នាក់ ឲ្យលោកជាអ្នកចិញ្ចឹមបីបាច់ ទាំងដែលកាយសម្បទារបស់លោកតូចល្អិត ដែលពិបាកនឹងប្រកបការងារដូចមនុស្សធម្មតាបាន ហើយពេលនេះ លោកក៏ត្រូវមកជួបជំងឺបែបនេះទៀត ហេតុដូច្នេះថា តើបន្ទុករបស់លោកកាន់តែធ្ងន់កម្រិតណាទៅ!។

យ៉ាងណាមិញ អ្វីដែលយើងគ្រប់គ្នាពុំបានដឹងនោះ គឺនាយក្រិន មិនមែនទើបតែត្រូវបានសង្គ្រោះបន្ទាន់ លើកទី១នេះទេ គឺលោកធ្លាប់ត្រូវបានសង្គ្រោះបន្ទាន់ ជាច្រើនលើករួចមកហើយ ប៉ុន្តែ លោកមិនចង់ឲ្យនរណាម្នាក់ដឹងនោះទេ។
នេះបើតាមតារាកំប្លែង និងជាតារាសម្តែង លោក អៀង ចេនឡា បានទម្លាយប្រាប់ឲ្យបងប្អូន មហាជនបានដឹងថា៖ «គាត់ឈឺចូលសង្គ្រោះបន្ទាន់ប៉ុន្មានដងហើយ តែគាត់មិនដែលឱ្យពួកខ្ញុំថតគាត់បង្ហោះទេ គាត់ខ្លាចគេថា ចង់បានជំនួយ! សូមទេវតាតាមថែរក្សាមនុស្សល្អដូចជាបង ទេស សុជន ហៅ នាយក្រិន ឱ្យឆាប់ជាសះស្បើយ ដើម្បីទៅមើលថែរកូនៗតូចៗរបស់គាត់វិញ…!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








