ភ្នំពេញ ៖ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិត បានស្រួល អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបង្រួមតំបន់បិទខ្ទប់ឱ្យនៅរួមតូចជាងមុន ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩ ។
ដើម្បីឱ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ ឲ្យនៅរួមតូចនេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត នៅរសៀលថ្ងៃទី១០ ឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ ចូលប្រជុំ តាមរយៈ video conference ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ មុននៃការសម្រេចដាក់ តំបន់ដែលត្រូវបង្រួមនេះ ឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ។

លោកឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅតំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះយើងពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះ មកនៅរួមតូច ដូច្នេះសុំអាជ្ញាធរយើងត្រូវសិក្សា កំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃ១២ ឧសភានេះ។
ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤បានឡើងរាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឱ្យប្រែក្លាយមកជាជាតំបន់លឿង ដោយតំបន់នោះមិនមានការរីករាលដាលជម្ងឺកូវីដ-១៩ បន្តទៀត ។ តំបន់ខ្លះទៀត សូមឱ្យនៅរក្សាតំបន់ ក្រហម ឬតំបន់លឿងទុំដដែល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះ ដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




