ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានការតវ៉ាមួយត្រូវបានធ្វើឡើង នៅក្នុងនៅក្នុងភូមិសាស្ត្រ ស្ទឹងមានជ័យ នៃរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដើម្បីស្នើដល់ម្ចាស់ផ្ទះជួល បញ្ចុះថ្លៃឈ្នួល នៅក្នុងបរិបទនៃកូវីដ១៩ នេះ។

តែទោះយ៉ាងណា ជាមួយនឹងទិដ្ឋភាពនៃការមកប្រមូលផ្តុំ របស់បងប្អូនដែលរស់នៅតំបន់ខាងលើ ដើម្បីស្នើឱ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃស្នាក់នៅឱ្យពួកគាត់ គឺពិតជាប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដណាស់ ព្រោះថា នៅក្នុងកាលៈទេសៈពេលនេះ បងប្អូនប្រជាពលរដ្ឋស្នាក់នៅក្នុងតំបន់ក្រហម គឺចាំបាច់ត្រូវរក្សាខ្លួននៅផ្ទះ ដើម្បីកាត់ផ្ដាច់ការចម្លងនៅក្នុងសហគមន៍។

ក្នុងនោះ បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ប្រសិនបើបងប្អូន ចង់ស្នើទៅម្ចាស់ផ្ទះបញ្ចុះតម្លៃផ្ទះជួល គឺគ្រាន់តែចាត់តំណាងមកខាងប៉ុស្តិ៍ ឬទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការងារនេះ ដោយពុំចាំបាច់មកត្រូវប្រមូលផ្ដុំគ្នាបែបនេះឡើយ ព្រោះកាលដែលធ្វើបែបនេះ នឹងនាំឱ្យកាន់តែមានហានិភ័យ ខណៈកាតព្វកិច្ចប្រជាជនក្នុងបរិបទនេះ ចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងការពារទាំងអស់គ្នា តាមវិធានការ ៣ កុំ ៣ ការពារ»។
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចសុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



