Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ១០ថ្ងៃ ប្រព្រឹត្តទៅដោយរលូន ចាក់វ៉ាក់សាងបានជិត ៤៥ម៉ឺននាក់

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង​ ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម រយៈពេល ១០ថ្ងៃមកនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមិនមានឧបសគ្គអ្វីរារាំងនោះទេ។ ហើយចំនួនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង គឺមានការកើនឡើងជាលំដាប់ ពោលគឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហម និងតំបន់ទាំងឡាយដែលមានការចាំបាច់ គឺចាក់ឲ្យអស់ បើចាក់មិនអស់គឺមិនដកចេញទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គឺដំណើរការបានប្រព្រឹត្តដោយរលូន និងពុំមានឧបសគ្គអ្វីរារាំងនោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “ចំពោះចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមានចំនួនកើនឡើងជាលំដាប់ ហើយបើទោះបីជាចំនួននៃការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ នៅតែបំពេញការងារតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពោលគឺចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហម និងតំបន់ទាំងឡាយដែលមានការចាំបាច់ គឺចាក់វ៉ាក់សាំងជូនបានគ្រប់គ្នា បើចាក់មិនអស់គឺមិនដកចេញទេ។ ហើយដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមគឺដំណើរការទៅមុខជានិច្ចអត់មានការដកថយទេ”។

គួរបញ្ជាក់រយៈពេល ១០ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាល ជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៥ម៉ឺននាក់ហើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×